លោក ហ៊ុន ម៉ានី ៖ សូមឱ្យមានការជឿជាក់ថា ប្រព័ន្ធជ្រើសរើសក្លាយជាមន្ត្រីរាជការស៊ីវិល មិនចាំបាច់អស់លុយ..!

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល» ជូនក្រសួង ស្ថាប័ន។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ និងតំណាងក្រសួង ស្ថាប័ន ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥ និងអ្នកសារព័ត៌មានជាច្រើនរូប។
ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានលើកឡើងថា “ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិនេះឡើង ដើម្បីឱ្យសិក្ខាកាមជាថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន ទទួលបានចំណេះដឹង និងព័ត៌មានពាក់ព័ន្ធ ក៏ដូចជាស្ដង់ដារគំរូ ក្នុងការរៀបចំប្រព័ន្ធដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចាប់ពីដំណាក់កាលមុនប្រឡងប្រជែងរហូតដល់ប្រកាសលទ្ធផល និងចូលរួមអនុវត្តដោយម៉ត់ចត់សម្រាប់ការអនុវត្តប្រព័ន្ធជ្រើសរើសប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ជាពិសេសកសាងបាននូវសេចក្តីទុកចិត្ត និងភាពជឿជាក់លើចក្ខុវិស័យដ៏មុតស្រួចលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលកំពុងពុះពារគ្រប់ឧបសគ្គសព្វបែបយ៉ាង ដើម្បីសម្រេចបាន សុខសន្តិភាព និងភាពរីកចម្រើនសម្បូររុងរឿងតរៀងទៅ។”
ក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ផ្អែកលើមូលដ្ឋានដែលបានកំណត់ក្នុងវិធានការគន្លឹះទាំង៣ និងជាពិសេសការកែលម្អឱ្យកាន់តែប្រសើរឡើង នូវការជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្នុងដំណើរការរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលមានរយៈពេលជាង២០ខែកន្លងទៅនេះ ក្រសួងមុខងារសាធារណៈ បានដឹកនាំ និងសម្របសម្រួលការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការ ស្របតាមគោលការណ៍ជ្រើសរើសប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និងរើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ។ តាមរយៈគោលការណ៍ថ្មី យន្តការថ្មី និងបែបបទនីតិវិធីថ្មី ដែលមានកំណត់ក្នុងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តនីតិប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រសួងមុខងារសាធារណៈ បានដឹកនាំ និងសម្របសម្រួលការរៀបចំប្រឡង ចំនួន ៨ក្រសួង ស្មើនឹង ៤២លើក។”
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គសិក្ខាសាលាថា ការអនុវត្តគោលការណ៍គុណាធិបតេយ្យនេះ ជាការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីនៅក្នុងមុខងារសាធារណៈ ដែលផ្អែកលើសមត្ថភាពអនុវត្តការងារពិតប្រាកដ ជាទេពកោសល្យ ជំនាញវិជ្ជាជីវៈ បទពិសោធ និងចំណេះដឹងរបស់មន្ត្រី។ ការជ្រើសរើសមន្ត្រី ដែលមានសមត្ថភាព ជំនាញវិជ្ជាជីវៈ បំពេញការងារចំទីកន្លែង និងតម្រូវការជាក់ស្តែង ពិតជាជួយដល់ការបង្កើនសមត្ថភាព ផលិតភាព និងការបង្កើនទិន្នផលការងាររបស់ក្រសួង ស្ថាប័ន ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាពល្អជូនប្រជាពលរដ្ឋ។ “សិក្ខាសាលានៅក្នុងថ្ងៃនេះ មិនមែនត្រឹមតែជាការចែករំលែកបទពិសោធទេ តែជាការជម្រាបជូនក្រសួង ស្ថាប័ន ដោយសារយើងត្រូវធ្វើការជាមួយគ្នាបន្តទៅអនាគត។ អ្វីដែលផ្សព្វផ្សាយនាថ្ងៃនេះ ក៏ជាព័ត៌មានមូលដ្ឋាននៃការសហការជាមួយគ្នា ដើម្បីធ្វើកិច្ចការងារទាំងអស់នេះ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានសំណូមពរឱ្យសិក្ខាកាមទាំងអស់ចូលរួមផ្សព្វផ្សាយបន្ត ប្រសិនបើមានបុគ្គលណាប្រាប់ថា ពឹងលើគេបាន ឱ្យលុយគេទៅ ដើម្បីឱ្យគេជួយប្រឡងជាប់ នេះមិនមានទេ ហើយថ្ងៃក្រោយប្រសិនបើមានគេថា លុយហ្នឹងរៀបចំទុកឱ្យឯកឧត្តម ហ៊ុន ម៉ានី គឺគ្មានទេ។ “សូមឱ្យមានការជឿជាក់ថាប្រព័ន្ធជ្រើសរើសក្លាយជាមន្ត្រីរាជការស៊ីវិល មិនចាំបាច់អស់លុយ ក្រៅពីការចុះឈ្មោះ ២ម៉ឺនរៀលតែប៉ុណ្ណោះ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវបន្ថែម។
សូមជម្រាបថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន២ រួមមាន៖ទី១.ផ្សព្វផ្សាយអំពីការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលស្ថិតក្រោមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងទី២.ចែករំលែកបទពិសោធរបស់ក្រសួងមុខងារសាធារណៈក្នុងការដឹកនាំគណៈកម្មការរៀបចំការប្រឡងប្រជែង ដោយអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងនានាកន្លងមក៕
អត្ថបទដែលជាប់ទាក់ទង
Open

Close