អាជ្ញាធរ ចុះត្រួតពិនិត្យទីតាំងសិប្បកម្មសម្ងួត កែច្នៃ និងវេចខ្ចប់ថ្នាំជក់មួយកន្លែង មានស្លាកយីហោ សានហ៊ី ឃីងឌាន ឯ.ក ស្ថិតនៅភូមិត្រឹប សង្កាត់កំបូល

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានអមដំណើរ ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងសិប្បកម្មសម្ងួត កែច្នៃ និងវេចខ្ចប់ថ្នាំជក់មួយកន្លែង មានស្លាកយីហោ សានហ៊ី ឃីងឌាន ឯ.ក ស្ថិតនៅភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ផ្អែកតាមលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងជាក់ស្តែងខាងលើ ឃើញថា ទីតាំងសិប្បកម្មនេះជាទីតាំងសម្ងួត និងហាន់ថ្នាំជក់ ពុំមែនជាទីតាំងផលិតបារីនោះទេ ហើយទីតាំងនេះមានលិខិតអនុញ្ញាតគ្រប់គ្រាន់ដែលចេញដោយក្រសួង ស្ថាប័ន និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ។ ម្យ៉ាងទៀត ទីតាំងសិប្បកម្មនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ និងពុំមានក្លិនសាយភាយខ្លាំងដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនតូចនោះឡើយ។
រដ្ឋបាលខណ្ឌកំបូលក៏សូមបញ្ជាក់ជូនផងដែរថា កន្លងមក រដ្ឋបាលខណ្ឌកំបូល និងរដ្ឋបាលរាជធានីភ្នំពេញ ក៏បានចុះពិនិត្យទីតាំងសិប្បកម្មខាងលើចំនួន ២លើករួចមកហើយ ដោយបានណែនាំដល់ម្ចាស់សិប្បកម្មត្រូវរៀបចំកែសម្រួលបទដ្ឋានបច្ចេកទេសកាត់បន្ថយក្លិនសាយភាពចេញពីរោងចក្រដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងត្រូវវេចខ្ចប់ទុកដាក់ និងបញ្ចេញកាកសំណល់ឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍ណែនាំរបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ​ ហេីយកិច្ចការងារនេះ​ រោងចក្រក៏បានរៀបចំរួចរាល់ផងដែរ។
អត្ថបទដែលជាប់ទាក់ទង
Open

Close