សមត្ថកិច្ច ចុះទៅដល់ផ្ទះ តែរកមិនឃើញល្បែងស៊ីសងទេ តែអោយម្ចាស់ផ្ទះផ្តិតមេដៃ ដាច់ខាត លួចបើកលេងល្បែងសុីសងខុសច្បាប់!
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានកិត្តិយសសូមបំភ្លឺជូនសាធារណជន ពាក់ព័ន្ធនឹងការចុះផ្សាយក្នុងគេហទំព័រអ្នកសារព័ត៌មានមួយចំនួន លើករណីលួចលេងល្បែងសុីសងតាមប្រព័ន្ធ អុិនធ័រណេត ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ កាលពីពេលថ្មីៗនេះ ។
ដោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវដល់ទីតាំងដែលអ្នកសារព័ត៌មានបានចុះផ្សាយ ស្ថិតនៅភូមិអណ្ដូងស្វាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ហើយជាលទ្ធផល ពុំមានសកម្មភាពលួចលេងល្បែងសុីសងខុសច្បាប់ ដូចការចុះផ្សាយនោះឡើយ ។
បន្ទាប់មកសមត្ថកិច្ចជំនាញ ក៏បានធ្វើការណែនាំដល់ម្ចាស់ផ្ទះខាងលើ ធ្វើយ៉ាងណាមិនឱ្យមានការលួចបើកលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទជាដាច់ខាត ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាចូលរួមសហការផ្ដល់ព័ត៌មាន គ្រប់សកម្មភាពបទល្មើស ដល់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមយើងខ្ញុំ តាមរយៈលេខទូរស័ព្ទ 015 727 337 ឬលេខ 069 988 833 ៕
ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម