ខេត្តបាត់ដំបង៖ ទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស ក្រោមឱវាទអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប បានបន្តចុះធ្វើអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តស្រុកចំនួន ៤ ក្រោមផ្លូវជាតិលេខ ៥ នៃខេត្តបាត់ដំបង ជាប់តំបន់បឹងទន្លេសាប ។
នៅក្នុងដំណើរចុះបេសកកម្មអធិការកិច្ចខាងលើនេះ ត្រូវបានធ្វើការបែងចែកក្រុមការងារទទួលមុខព្រួញ ដូចខាងក្រោម :
១. ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម ទទួលចុះអធិការកិច្ច ស្រុកថ្មគោល មាន ៤ឃុំ ជាប់តំបន់៣
២. ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន ទទួលចុះអធិការកិច្ច ស្រុកមោងឫស្សី មាន ៥ឃុំ ជាប់តំបន់៣
៣. ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ ទទួលចុះអធិការកិច្ច ស្រុកសង្កែ មាន ៤ឃុំ ជាប់តំបន់៣
៤. ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង ទទួលចុះអធិការកិច្ចស្រុកឯកភ្នំ មាន ៣ឃុំ ជាប់តំបន់៣។
សូមជម្រាបថា ៖ ការចុះអធិការកិច្ចរបស់អាជ្ញាធរទន្លេសាប បានពិនិត្យ និងរកឃើញថា សកម្មភាពនៃការចូលទៅបន្តអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់៣ ពីសំណាក់ជនខិលខូច ត្រូវបានកាត់បន្ថយមួយកម្រឹត គួរឱ្យកត់សំគាល់ តាមរយៈនៃយន្តការការងារដ៏តឹងរឹង និងម៉ឺងមាត់ ក្នុងការទទួលខុសត្រូវ ចំពោះការការពារ ទប់ស្កាត់ និងផ្សព្វផ្សាយពីកិច្ចសហការរបស់ក្រសួងស្ថាប័នជំនាញថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ជាពិសេសថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
ជារួមភូមិសាស្រ្តរដ្ឋបាលដែនដីស្ថិតក្រោមផ្លូវជាតិលេខ ៥ នៃខេត្តបាត់ដំបង មានស្រុកចំនួន ៤ និងឃុំចំនួន ១៦ ជាប់នឹងផ្ទៃដីដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប។ ផ្ទៃដីក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ជាប់នឹងតំបន់បឹងទន្លេសាបសរុបរួមប្រមាណ ៣៣៨ ០៤៧.៨៦ ហត ក្នុងនោះរួមមាន : តំបន់១ ចំនួន ៨៥ ១៦៣.២៩ ហត, តំបន់២ ចំនួន ៥៨ ៤២៨.១៧ ហត, តំបន់៣ ចំនួន ១៩៤ ៤៥៦.៤០ ហត និងមានបង្គោលព្រំតំបន់៣ ថ្មីចំនួន ១៧១ បង្គោល បានបោះរួចរាល់៕












