រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមរាជធានី និងទីក្រុងដែលមានជីវិតពេលរាត្រីដ៏ល្អបំផុតក្នុងពិភពលោក
ភ្នំពេញ៖ រាជធានីភ្នំពេញ ដែលបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោមរាជធានី និងទីក្រុងធំៗទាំង១៤នៅលើពិភពលោក ជាទីក្រុងដែលមានជីវិតពេលរាត្រីដ៏ល្អបំផុត។ នេះបើយោងតាមការចេញផ្សាយរបស់ គេហទំព័រ Visa2Fly កាលពីពេលថ្មីៗនេះ។
ប្រភពដដែលបានបញ្ជាក់ថា៖ “ការកម្សាន្តក្នុងពេលរាត្រីរបស់ព្រះរាជាណាចក្រកម្ពុជាគឺល្អឥតខ្ចោះ ជាមួយនឹងវប្បធម៌ដ៏រស់រវើក និងភាពស៊ីវីល័យ ដែលនឹងផ្តល់ជូនដល់មនុស្សគ្រប់គ្នា។ ពីកន្លែងអាថ៌កំបាំងមួយទៅកន្លែងអាថ៌កំបាំងមួយទៀត ជាពិសេសនៅពេលទៅដល់កន្លែងអង្គុយមាត់ទន្លេមុខព្រះបរមរាជវាំង អ្នកទាំងអស់គ្នានឹងទទួលបាននូវទិដ្ឋភាពកម្សាន្តពេលរាត្រី ជាមួយនឹងតម្លៃដ៏សមរម្យ ជាពិសេសសម្រាប់អ្នកធ្វើដំណើរបែបសន្សំថវិកា និងអ្នកចូលចិត្តពិធីជប់លៀងផ្សេងៗក្នុងពេលរាត្រី”។
សូមបញ្ជាក់ថា ចំណាត់ថ្នាក់ទី១ បានទៅលើទីក្រុងបាងកក នៃប្រទេសថៃ កោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់ទី៣ ទីក្រុងឌូបៃ នៃអេមីរ៉ាតអារ៉ាប់រួម ជាប់ចំណាត់ថ្នាក់ទី៤ ខណៈទីក្រុងហូជីមិញ នៃប្រទេសវៀតណាម ទទួលបានចំណាត់ទី៥។
បន្ថែមពីលើនេះ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះផងដែរ រាជធានីភ្នំពេញបានឈ្នះរាជធានី និងទីក្រុងធំៗបំផុតរបស់ពិភពលោក ជាគោលដៅកម្សាន្តពេលរាត្រីដ៏ទាក់ទាញបំផុតទីពីរ ដែលនេះក៏ពាក់ព័ន្ធនឹងការបើកដំណើរការសាកល្បងនៃផ្លូវថ្មើជើង (Walk Street) រៀងរាល់ចុងសប្តាហ៍កន្លងទៅចាប់ពីម៉ោង០៦ល្ងាច ដល់ម៉ោង១១យប់ កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ដែលបាននិងកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តកាន់តែច្រើនឡើងៗ៕









