អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងរដ្ឋបាលរាជធានីភ្នំពេញរៀបចំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនជូនដល់ប្រជាពលរដ្ឋទៅលេងស្រុកកំណើត

 

រាជធានីភ្នំពេញ៖​ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀននិងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតតាមមធ្យោបាយរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញពេលបុណ្យចូលឆ្នាំ។ 

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បាននាំយកការថ្លែងអំណរគុណ និងកោតសរសើរពីរឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញដែលតែងតែផ្តល់កិច្ចសហការល្អផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំ។ 

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបានស្នើសុំនិងផ្ដល់ស្ទីកឃ័រ QR Code App NoDrug សម្រាប់បិទផ្សាយនៅលើរថយន្តក្រុងផ្ទាំង៦០០គ្រឿងដែលនឹងជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំទាញយកនិងប្រើប្រាស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 

ក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះដែរ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញបានសាទរនិងទទួលយកនូវការស្នើសុំកិច្ចសហការធ្វើសកម្មភាពផ្សព្វផ្សាយហើយលោកក៏បានជំរុញឲ្យអ្នកបើកបរក៏ដូចជាអ្នកបម្រើការនៅលើរថយន្តទាំងអស់ឲ្យជួយផ្សព្វផ្សាយបំផុសប្រជាពលរដ្ឋទាញយកApp NoDrug :https://nodrugsnacd.com/download_kh ប្រើប្រាស់។

ជាមួយនឹងជំនួបដ៏ស្និទ្ធស្នាលនោះឧត្តមសេនីយ៍ឯក លឹម តុងហួត បានសូមថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញដែលបានអនុញ្ញាតជាគោលការណ៍ដើម្បីសហការរៀបចំពិធីផ្សព្វផ្សាយនេះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close