ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធគេហទំព័រឈ្មោះ ហង្សតូច TV Online ដែលបានផ្សព្វផ្សាយវីដេអូ កាំម៉េរ៉ាសុវត្ថិភាព ករណី រថយន្តជិះដេញបុកម៉ូតូជនរងគ្រោះ និងជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងជំនាញបានស្រាវជ្រាវឱ្យដឹងថា ជាករណី ប៉ុនប៉ងមនុស្សឃាតកើតហេតុ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២១និង៥០នាទី ចំណុច ខាងមុខផ្ទះលក់ភេសជ្ជៈ សុនីតា នៅលើកំណាត់ផ្លូវបេតុង ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះ ផល វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ: បុគ្គលិកក្រុមហ៊ុន។
ត្រូវរបួសចំក្បាល និងជើងខាងធ្វេង។
ជនសង្ស័យ ឈ្មោះ សែម វិចទ័រ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
កម្រិតជាតិអាល់កុលក្នុងខ្លួនចំនួន ០,47 mg/L។
វត្ថុតាងចាប់យក
រថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-6536 ខូចខាតផ្នែកខាងមុខ (របស់ ជនសង្ស័យ)។
ម៉ូតូមួយគ្រឿងម៉ាក Honda C1សេរី២០២៤ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1KS-4177 ខូចខាតមួយចំនួន(របស់ជនរងគ្រោះ)។
សមត្ថកិចកិច្ច បញ្ជាក់ថា យោងតាមកាំមេរ៉ាសុវត្ថិភាព នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២១និង៥០នាទី(ម៉ោងកាំមេរ៉ាសុវត្ថិភាព) មានជនសង្ស័យឈ្មោះ សែម វិចទ័រ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6536 បានជិះដេញតាមម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 បើកបរដោយឈ្មោះ ផល វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីចំណុចស្តុបតាលន់ ( កាកបាទក្រហម ) លុះមកដល់ផ្លូវបំបែកជា៣ ដោយសារខ្លួនជិះម៉ូតូក្នុងល្បឿនលឿនក៏បានរេចង្កូតដួលនៅមុខផ្ទះលក់ភេសជ្ជៈ ពេលនោះរថយន្តខាងលើបានបើកមកតាមបុកពីក្រោយ ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះបណ្តាលឲ្យខូចខាតអស់មួយចំនួន ហើយម្ចាស់រថយន្តខាងលើក៏បានបើករថយន្តថយក្រោយក្នុងគោងបំណង ជិះមកបុកខ្លួនបន្តទៀតប៉ុន្តែរថយន្តនោះខូចទៅមុខមិនរួច ស្រាប់តែអ្នកបើកបររថយន្តនោះ ចុះពីលើរថយន្តមកវាយខ្លួន ជាច្រើនដៃបន្ថែមទៀត ពេលនោះក៏មានប្រជាពលរដ្ឋមកជួយឃាត់។
តាមការបំភ្លឺរបស់ឈ្មោះ ផល វុទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាក Honda dream ពាក់ស្លាកលេខ 1KS-4177 ពណ៌ក្រហម ត្រូវជាជនរងគ្រោះបានឲ្យដឹងថា : នៅថ្ងៃទី០៨.០៤.២០២៥ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6536 បានស៊ីផ្លេ និងគៀម៉ូតូខ្លួននៅចំណុចមុខបុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ពេលនោះខ្លួនក៏បានជិះតាមពីក្រោយរហូតដល់ចំណុចស្តុបតាលន់(ស្តុបកាកបាទក្រហម) រថយន្តខាងលើក៏បានឈប់ចាំភ្លើងស្តុប ពេលនោះខ្លួនក៏បានឈប់ម៉ូតូក្បែររថយន្តនោះ ហើយធ្វើការគោះកញ្ចក់ទ្វាខាងស្តាំ ចំនួន០២ដង បន្ទាប់មកខ្លួនក៏បានជិះម៉ូតូបត់ស្តាំតាមបណ្តោយផ្លូវ២១A រថយន្តខាងលើបានជិះដេញតាមពីក្រោយរហូតដល់ការ៉ាស់សាំងកាលតិច រួចបត់ឆ្វេងចូលទៅផ្លូវប៉េតុង លុះដល់ផ្លូវបំបែកជា៣ បើកមកតាមបុកពីក្រោយ ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះបណ្តាលឲ្យខូចខាតអស់មួយចំនួន។ បន្ទាប់មកក៏មានសមត្ថកិច្ចចុះទៅដល់ធ្វើការឃាត់ខ្លួនអ្នកបើករថយន្ត យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណែកខ្លួនក៏បានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីពេទ្យជ័យជំនះ។
តាមការសាកសួរជនសង្ស័យបានឆ្លើយថា គាត់ពិតជាបានជិះរថយន្តបុកម៉ូតូជនរងគ្រោះប្រាកដមែន ព្រោះខឹងជនរងគ្រោះបានវាយកញ្ចក់រថយន្តរបស់គាត់។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ!