បន្ទាយមានជ័យ៖ នៅវេលាម៉ោង០២និង០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ព្រឿង ចិន្ត្រា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមេការសំណង់ ស្តីពីករណីចោរលួចខ្សែស្ពាន់ម៉ាស៊ីនត្រជាក់ និងខ្សែភ្លើង ប្រព្រឹត្តនៅអគារម្តុំចុងស្រល់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើរួច កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់ទីតាំងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ស្រ៊ាន ស្រ៊ី (ជ្រូក) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាងរួមមាន÷ ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ចំនួន០១គ្រឿង , ២.កូនកាំបិត ដងពណ៌ខៀវ ប្រវែង២៤សង់ទីម៉ែត្រ ចំនួន០១ដើម,៣.ខ្សែភ្លើងមួយចំនួន (ប្រគល់ជូនជនរងគ្រោះវិញ), ៤.ទុយោស្ពាន់ម៉ាស៊ីនត្រជាក់មួយចំនួន (ប្រគល់ជូនជនរងគ្រោះវិញ)។ ហើយនាំខ្លួនជនសង្ស័យមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយដើម្បីសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានលួចកាត់ខ្សែភ្លេីងពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅពរព្រឹកថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕



