មន្រ្តីជំនាញ បានពិនិត្យរកឃើញ មានសារធាតុគីមី ហាមឃាត់ Formalinនៅ លើផលិតផលគ្រឿងសមុទ្រ ដែលដាក់លក់នៅទីផ្សារ
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីសាខា (ក.ប.ប)ខេត្តបាត់ដំបង និងមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យទំនិញ គ្រឿងឧបភោគ បរិភោគ និងទំនិញវេចខ្ចប់ស្រាប់ តាមផ្ទះ និងតូបលក់ទំនិញនៅផ្សារមោងឫស្សី ស្ថិតក្មុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងនោះមន្រ្តីជំនាញបាន ត្រួតពិនិត្យទំនិញបានចំនួន ១០តូបក្នុងផ្សារ និងផ្ទះលក់ទំនិញជុំវិញផ្សារ បាន ០៥ផ្ទះជាលទ្ធផល បានសម្រេចដកហូតមុខទំនិញដែលប៉ះពាល់សុខភាព រួមមាន៖
– មឹកដៃធំទម្ងន់ ១៩,៥គីឡូក្រាម មានសារធាតុគីមី Formalin
– មឹកបំពង់ធំទម្ងន់ ៥,៥គីឡូក្រាម មានសារធាតុគីមី Formalin
– ដៃមឹក ទម្ងន់ ១៩ គីឡូក្រាម មានសារធាតុគីមី Formalin
( សរុប៖ ៤៤គីឡូក្រាម)
មន្រ្តីជំនាញក៏បានធ្វើការអប់រំណែនាំផ្សព្វផ្សាយ នូវនីតិវិធី ឯកសារគតិយុត្ត ដែលពាក់ព័ន្ធទំនិញ ព្រមទាំងបិទ និង ចែកផ្ទាំង POSTER បានចំនួន១៥ផ្ទាំង ជូនដល់អាជីវករ លក់ដូរផងដែរ។
សូមជម្រាបជូនថា ប្រសិនបើគ្រឿងឧបភោគ បរិភោគ ឬទំនិញ ដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ឬមានសារធាតុគីមីហាមឃាត់ ហើយត្រូវបានដាក់ លក់នៅលើទីផ្សារពិតជាធ្វើឱ្យអ្នកប្រើប្រាស់មានផលប៉ះពាល់ដល់សុខភាព ។
ទាំងនេះ គឺជាកត្តាតម្រូវឱ្យមាន ការចូលរួមពីអ្នកលក់ នូវសុច្ចរិតភាព ហើយក៏ត្រូវ មានការត្រួតពិនិត្យពីមន្រ្តីជំនាញជាប់ជាប្រចាំផង ដែរដើម្បីរួមចំណែកថែរក្សាបាននូវសុខមាលភាពអ្នកប្រើប្រាស់ទាំង អស់គ្នា៕