អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបណ្ឌិត្យសភានគរបាលកម្ពុជារួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug
ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបណ្ឌិត្យសភានគរបាលកម្ពុជាជំរុញការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅពិធីធ្វើបទបឋកថាស្តីពីរបៀបថែទាំសុខភាពក្នុងពេលហ្វឹកហាត់នានារបស់និស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានគ្រូនគរបាលជាតិ សិស្សនគរបាលចូលរួមស្តាប់សរុបប្រមាណចំនួន១៣០០នាក់នៅអគារសម្តេចមហាធម្មពោធិសាលជា ស៊ីម ។
ក្នុងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធាននគរបាល។
ក្នុងឱកាសនោះដែរជាមួយនឹងការចែករំលែកបទពិសោធន៍និងចំណេះដឹងពីរបៀបថែទាំសុខភាពជូនដល់និស្សិតនគរបាលជាតិដែលកំពុងហាត់សម ត្រៀមលក្ខណសម្បត្តិចូលរួមប្រារព្ធខួបទី៨០ឆ្នាំ ថ្ងៃកំណេីតនគរបាលជាតិកម្ពុជា នាថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៥ខាងមុខក៏ដូចជាយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកយកនូវអត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងការទទួលបាននូវ វីដេអូកម្សាន្តអប់រំ ព័ត៌មាន មេរៀន ការស្វែងរកការព្យាបាល និងមុខងាររាយការណ៍ដោយគ្មានអត្តសញ្ញាណអ្នករាយការណ៍ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណនិងបានយក QR CODE កម្មវិធីទូរសព្ទដៃ NoDrug ដើម្បីដាក់ឱ្យសាស្ត្រាចារ្យ គ្រូនគរបាល និស្សិតនៃបណ្ឌិត្យសភានគរបាលក៏ដូចជាសិស្សសាលាភូមិភាគនគរបាលទាញយកប្រើប្រាស់ឲ្យបានកាន់តែទូលំទូលាយ ។