ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញចាប់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធ ករណី ឆបោក តាមអនឡាញ ដោយបង្ហោះលក់ផលិតផលគ្រឿង អេឡិកត្រូនិច និងទូរស័ព្ទ តែនៅពេលអ្នកទិញផ្ទេរប្រាក់ មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង។
ជនសង្ស័យដែលត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនឈ្មោះ ពៅ ចាន់វណ្ណៈ អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្រោយស្ដាត់ចាស់ម្ដុំមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ជននេះប្រើប្រាស់ Facebook Page ឈ្មោះ «Modern Phone Shop»។
ផ្អែកតាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ពៅ ចាន់វណ្ណៈ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឆបោកតាមអនឡាញជាច្រើនលើកច្រើនសារពិតប្រាកដមែន។
តាមភស្ដុតាង ដែលសមត្ថកិច្ចជំនាញរកឃើញ នៅក្នុង Facebook Page ជននេះបានប្លុកជនរងគ្រោះជាច្រើននាក់ ក្រោមរូបភាពដូចៗ គឺទទួលបានប្រាក់ហើយ មិនផ្ញើទំនិញត្រឡប់ទៅវិញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕