សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ស្មារតីនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅជាអទិភាពឆ្នាំ២០២៥

ខេត្តកែប ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ស្មារតីនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅជាអទិភាពឆ្នាំ២០២៥ របស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១២-១៣-១៤ ខែមីនា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ហន សុខេមរិន ប្រធានសាលាដំបូង និង ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប ព្រមទាំងមានចូលរួមពី លោកអនុប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារង លោកចៅក្រម លោកប្រធាន-អនុប្រធានលេខា លោក-លោកស្រីក្រឡាបញ្ជី លោកប្រធានការិយាល័យ និងមន្ត្រីនៃលេខាធិការដ្ឋានរដ្ឋបាលមួយចំនួនទៀត។
កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈដូចខាងក្រោម ៖
១.ការផ្សព្វផ្សាយអំពីខ្លឹមសារ និងស្មារតីសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ របស់ក្រសួងយុត្តិធម៌។
២.ការផ្សព្វផ្សាយអំពីខ្លឹមសារ និងស្មារតីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ របស់តុលាការកំពូល។
៣.ការផ្សព្វផ្សាយអំពីសេចក្ដីណែនាំរួមស្ដីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ លេខ ០១ កយ.តកក.សណន/២៥ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងយុត្តិធម៌ និងតុលាការកំពូល។
៤.ការបញ្ជូនសាលក្រមព្រហ្មទណ្ឌដល់ពន្ធនាគារ និងការពង្រឹងការងារគ្រប់គ្រងពត៌មានទាក់ទងនឹងជនជាប់ឃុំ និងការសម្រេចដោះលែងផ្សេងៗ។
៥.ពង្រឹងការតាក់តែងទម្រង់រួមនៃដីកាសម្រេចរក្សាការពារ។
៦.កិច្ចការអនុវត្តចំពោះមុខ លើបទល្មើសទាក់ទងនឹងក្មេងទំនើង។
៧.ក្រមសីលធម៌ និងការពង្រឹងវិន័យ។
៨.បញ្ហាពាក់ព័ន្ធផ្សេងៗ។
អត្ថបទដែលជាប់ទាក់ទង
Open

Close