កងរាជអាវុធហត្ថលើផ្ទៃប្រទេស រង់ចាំទទួលនូវព័ត៌មានពិត និងភស្តុតាងពាក់ព័ន្ធនឹងករណីខាងលើ គ្រប់ពេលវេលា! សូមបុគ្គល ដែលពាក់ព័ន្ធ អញ្ជើញមកដោយផ្ទាល់ដាក់ពាក្យបណ្ដឹង និងបំភ្លឺ….!
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសសេចក្តីព័ត៌មានដូចខាងក្រោម៖
១- លោក ឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការត្រួតពិនិត្យ ករណី ដែលសារព័ត៌មាន តាមបណ្ដាញសង្គមមួយចំនួន ធ្វើការចុះផ្សាយពាក់ព័ន្ធនឹងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តក្រចេះ។
២- កងរាជអាវុធហត្ថលើផ្ទៃប្រទេស រង់ចាំទទួលនូវព័ត៌មានពិត និងភស្តុតាងពាក់ព័ន្ធនឹងករណីខាងលើគ្រប់ពេលវេលា។ សូមបុគ្គល ដែលពាក់ព័ន្ធ អញ្ជើញមកដោយផ្ទាល់ដាក់ពាក្យបណ្ដឹងនិងបំភ្លឺ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានអាសយដ្ឋានផ្លូវលេខ២៨៩ (វិថីគឹមអុីលស៊ុង និងវិថីសម្ដេច ប៉ែន នុត) សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៣- សូមថ្លែងអំណរគុណ ចំពោះការផ្តល់ព័ត៌មានពិត ដល់យើងខ្ញុំនាពេលកន្លងទៅ។
កងរាជអាវុធហត្ថអនុវត្តខ្ជាប់ខ្ជួននូវទិសស្លោក «ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។ ជាមួយគ្នានោះអនុវត្តទិសស្លោកនេះ រួមទាំងជនទាំងឡាយណាដែលប្រឌិតព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះបុគ្គលយោធិន និងកិត្តិយសស្ថាប័នកងរាជអាវុធហត្ថតាមវិធីបដិវត្តពណ៌ន៍ថែមទៀតផង ។
អាស្រ័យដូចជម្រាបជូនខាងលើសូមមេត្តាជ្រាប។ សូមគោរពអរគុណ។