ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ រដ្ឋបាលរាជធានីភ្នំពេញតែងរៀបចំមានការសម្ដែងសិល្បៈបុរាណ ប្រពៃណី សម័យ បណ្ណាល័យចល័ត កន្លែងលក់ដូរ និងកន្លែងកម្សាន្តសប្បាយផ្សេងៗ ខុសៗពីគ្នាជារៀងរាល់សប្ដាហ៍ ជាក់ស្ដែង នៅសប្ដាហ៍ទី២ ខែមីនា នេះ បានរៀបចំឱ្យមានល្ខោនខោល ដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ នៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសម្រាប់ថ្ងៃអាទិត្យ នឹងមានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរយើង ។
ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ហើយចាប់តាំងពីថ្ងៃដាក់ឱ្យសាកល្បងលើកដំបូង រហូតមកដល់ពេលនេះ គឺរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ដោយប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។




















