លោក ហួត ហាក់ ៖ វិស័យទេសចរណ៍ ដើរតួនាទី ជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន ជី.ធី.វី.ស៊ី អិចផត ខូ អិលធីឌី (G.T.V.C) Import Export Co.,Ltd និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA Cambodia Chapter) ក្នុងគោលបំណងសហការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ តាមរយៈការពង្រីកនូវបណ្តាញសេវាកម្មទេសចរណ៍ និងបង្កើនហេដ្ឋារចនាសម្ព័ន្ធនិងសម្បទាទេសចរណ៍ ដែលជាចលករដ៏សំខាន់បន្ថែមទៀតចូលរួមជំរុញសម្រេចបាននូវចក្ខុវិស័យ និងចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។
ក្នុងពិធីដ៏មានអត្ថន័យនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ខេត្តព្រះសីហនុបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនត្រូវបានសាងសង់ជាបន្តបន្ទាប់ ស័ក្តិសមនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយសារខេត្តនេះមាន ទីតាំងភូមិសាស្រ្តល្អ មានធនធានធម្មជាតិ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានកំពង់ផែ មានដីកសិកម្ម និងសក្ដានុពលជាច្រើនទៀត ស្របនឹងខេត្តតាមតំបន់ឆ្នេរផ្សេងទៀតជារបៀងសេដ្ឋកិច្ចពិសេសប្រទាក់ក្រឡា ដោយឆ្នេរសមុទ្រកម្ពុជា ត្រូវបានប្រសិទ្ធនាម ជាតារារះនាទិសនិរតី និងបណ្តាញសកលនៃគោលដៅទេសចរណ៍។
ទន្ទឹមនឹងនេះ លោក ហួត ហាក់ បានថ្លែងបន្តថា វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ដោយខេត្តព្រះសីហនុ នឹងក្លាយទៅជាច្រកចេញ-ចូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា, ជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រកម្រិតស្តង់ដាអន្តរជាតិ និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ប្រកបដោយភាពទាក់ទាញកម្រិតខ្ពស់មួយក្នុងអាស៊ាន។













