ខេត្តបាត់ដំបង ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនបានជ្រាបថា នៅថ្ងៃទី១៣ខែ មីនាឆ្នាំ២០២៥ នេះឃេីញការផ្សព្វផ្សាយ ក្នុងបណ្តាញសង្គ មករណីប្រទះឃើញ សត្វក្រពើ រស់មួយក្បាល ក្នុងទឹកអណ្តូង របស់ប្រជាពលរដ្ឋ រស់នៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ខណៈម្ចាស់អណ្តូងបូម ទឹកស្រោចដំណាំពីក្នុងអណ្តូង ក្នុងជម្រៅទឹក ប្រមាណ៤០សង្ទីម៉ែត្រ ក៏ពើប ប្រទះនឹងសត្វក្រពើនេះ។
ម្ចាស់ផ្ទះឈ្មោះ កើត សុបញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ និងអ្នកភូមិផងបានប្រើវិធីចាប់ឡើងមកលើគោកដែលសត្វក្រពើ នេះមានទម្ងន់ប្រមាណជាង២០គីឡូក្រាម ហើយតាមការ បញ្ជាក់ពីម្ចាស់ផ្ទះឱ្យដឹងថា កាលពី មុនគាត់ធ្លាប់ចាប់បានមួយ ក្បាលដែរក្នុងអណ្តូងនេះកាលនោះក្រពើតូចទម្ងន់ត្រឹមតែ០២គីឡូក្រាម។
តាមការបញ្ជាក់ពីម្ចាស់ផ្ទះប្រាប់មន្រ្តីមូលដ្ឋានថា អណ្តូងទឹកនេះ ស្ថិតនៅក្នុងចម្ការដាច់ តែឯង មានបណ្តោយ១០ម៉ែត្រ ទទឹង០៨ម៉ែត្រ កាលពីឆ្នាំ២០២៣ដែលទឹកជន់ធំបែកវាលមានទឹកហូរពីស្ទឹងចូលក្នុងអណ្តូងនេះ ហើយកាលនោះ គាត់ចាប់បានសត្វក្រពើតូចម្តង ។
តាមមន្រ្តីមូលដ្ឋានថា នៅមូលដ្ឋាននេះមិនមានកសិដ្ឋានចិញ្ចឹម សត្វក្រពើនោះទេ អាចសន្និដ្ឋាន ថាក្រពើនេះ មានវត្តមានកាលពីទឹកជន់ធំបែក វាលអំឡុងឆ្នាំ២០២៣ ចូលតាមទឹកស្ទឹង។
គួរឱ្យស្តាយ សត្វក្រពើ មួយក្បាលនេះ អ្នកភូមិបានយកទៅធ្វើជាអាហារ បាត់ទៅហើយបន្ទាប់ពីបានថតបង្ហោះក្នុងបណ្តាញសង្គមរួចមក។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនជ្រាបជាព័ត៌មាន៕