នគរបាលគ្រប់ក្រុង/ស្រុក ពង្រឹងការយាមល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និង អ្នកបើកបរយានយន្តបំពាក់ភ្លើងកែច្នៃខុសបច្ចេកទេស
បន្ទាយមានជ័យ៖ ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងនគរបាលគ្រប់ក្រុង/ស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ/សង្កាត់ ពង្រឹងការយាមល្បាត និងល្បាតចល័ត តាមគោលដៅសំខាន់ៗ ភូមិសាស្ត្រងាយរងគ្រោះ ដើម្បី បង្ការ បង្ក្រាប ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។
កម្លាំងនគរបាលជំនាញ, កម្លាំងអធិការដ្ឋាននគរបាលគ្រប់ក្រុង/ស្រុក ទាំងថ្ងៃនិងយប់ បានពង្រឹងការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ,ត្រួតពិនិត្យគ្រឿងញៀន, ពង្រឹងការត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង(ជាតិអាល់កុលលើកម្រិត) ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្រោមឥទ្ធិពលគ្រឿងស្រវឹង, ពង្រឹងទប់ស្កាត់ការបំពាក់ភ្លើងកែច្នៃខុសបច្ចេកទេស និងអប់រំច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ៕