អាជីវករលក់ អាគុយ ម៉ូតូ កង់ រងគ្រោះដោយអគ្គិភ័យ ១៧គ្រួសារ នៅ ក្រុងកំពង់ចាម ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា 

ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃសៅរ៍ ទី៨ ខែមិនាឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា អមដំណើរដោយ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមជាមួយ លោកប្រធានកិត្តិយស លោកស្រី ប្រធានអនុសាខាក្រុង ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនអាជីវករលក់អាគុយ ម៉ូតូ កង់ ១៧គ្រូសារ រស់នៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលរងគ្រោះដោយអគ្គីភ័យ មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ តូបអាជីវកម្ម ១៧ ល្វែងជាប់ៗគ្នា ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោងជិត១២ អាធ្រាត្រ ថ្ងៃទី ៧ ខែមិនា ឆ្នាំ ២០២៤៥ ។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយគ្រួសារជនរងគ្រោះ ចំពោះ ឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយខូចខាតទាំងលំនៅដ្ឋាន តូបអាជីវកម្ម បាត់បង់ទាំងសម្ភារ: កង់ ម៉ូតូដែលតាំងលក់រាប់សិបគ្រឿង គិតប៉ាន់ស្មានតម្លៃជាទឹកប្រាក់ជិត ២,០០០,០០០ ដុល្លារអាមេរិក ក៏ត្រូវឆេះអស់គ្មានសល់ ។
ឯកឧត្តមប្រធានគណ:កម្មាធិការសាខា ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយ ទោះបីជា សម្តេចប្រធាន មិនបានអញ្ជើញមកដោយផ្ទាល់ ក៏ សម្តេច លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” កាកបាទក្រហមកម្ពុជាមាននៅគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា និងមិនទុកនរណាម្នាក់ចោល ឥ “។
ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្នជាប្រចាំ អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ហេតុនេះ មុននឹងចេញពីផ្ទះ ត្រូវពនិត្យ ពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មកពិនិត្យផ្លាស់ប្តូរ ខ្សែភ្លើងចាស់ៗ ចោល ហើយរៀបចំភ្ជាប់ចរន្តអគ្គិសនី ទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវពង្រឹងស្មារតីទប់អារម្មណ៍ ខិតខំប្រឹងប្រែងរកស៊ីសន្សំលុយកាក់ បង្កើនចំណូលអាជីវកម្មសារជាថ្មី ដើម្បីជួសជុលស្តារលំនៅដ្ឋាន ស្តារតូបធ្វើអាជីវកម្មឡើងវិញ ពិសេស យកចិត្តទុកដាក់ថែទាំសុខភាព អនាម័យស្អាត ៣យ៉ាង និងសុវត្ថិភាពផ្ទាល់ខ្លួន អោយបានខ្ជាប់ខ្ជួន តាមទិសស្លោក ” ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” តាមរយ: ការកាត់បន្ថយអាហារមានជាតិប្រៃ ផ្អែម ហើយចូលរួមជាមួយសហគមន៍ ដើម្បីពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនអាជីវកររងគ្រោះទាំង ១៧គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ,មី២កេស ,តង់ធំ២ ,ឃីត ២ ( មុង ភួយ សារុង ក្រម៉ា ) , អាវយឺត ១០, សម្ភារៈដំណេក សម្ភារ ផ្ទះបាយ និង ថវិកាចំនួន ១,០០០,០០០រៀល ។

ដោយឡែក ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម បានជួយឧបត្ថម្ភអាជីវកររងគ្រោះទាំង ១៧គ្រួសារ ក្នុង ១គ្រួសារ ជូនថវិកាបន្ថែមចំនួន ១,០០០,០០០រៀល ផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close