រឿង ប្រជាពលរដ្ឋ នាំគ្នា ផ្តិតមេដៃ ទៅក្រសួងមហាផ្ទៃ ស្នើដកមេភូមិ អភិបាលខណ្ឌមានជ័យ ដោះស្រាយបញ្ចប់ហើយ!

ភ្នំពេញ ៖ រឿង ប្រជាពលរដ្ឋ នាំគ្នា ផ្តិតមេដៃ ទៅក្រសួងមហាផ្ទៃ ស្នើដកមេភូមិ ព្រែកតាគង់១ នៃសង្កាត់ចាក់អង្រែលើ  ត្រូវលោកអភិបាលខណ្ឌមានជ័យ ដោះស្រាយបញ្ចប់ហើយ។

កាលពីរសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌមានជ័យ បានកោះអញ្ចើញបងប្អូនប្រជាពលរដ្ឋឱ្យមកសាលាខណ្ឌមានជ័យ ដើម្បីធ្វើបទបង្ហាញ និងពន្យល់ឱ្យបានច្បាស់ លើតួនាទី និងភារកិច្ចរបស់មេភូមិ ក្រោយពលរដ្ឋមានការអាក់អន់ស្រពោនចិត្តជាមួយ លោកឡុង ហឿន ប្រធានភូមិព្រែកតាគង់១ រហូតមានការផ្តិតមេដៃស្នើរសុំដកដំណែង ដោយសារតែលើកហេតុផលថា លោកមេភូមិមិនសូវខ្វល់ខ្វាយជាមួយពលរដ្ឋ ពិសេស បញ្ហាការតបណ្តាញទឹកស្អាត បញ្ហាភ្លើង ផ្លូវ  ការបង្ក្រាបល្បែងស៊ីសង  ក្មេងទំនើង និងគ្រឿងញៀនជាដើម ។

ក្នុងវេទិការជួបគ្នាដើម្បី ពន្យល់ណែនាំ និងពិគ្រោះយោបល់នេះ ធ្វើឡើងក្រោមវត្តមានលោកសេង គន្ធ អភិបាលខណ្ឌមានជ័យ និងដោយមានការចូលរួមពីលោកអធិការរងខណ្ឌ , លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ , លោកចៅសង្កាត់ចាក់អង្រែលើ និងអស់លោកលោកស្រីមន្ត្រីជំនាញ រួមទាំងបងប្អូនប្រជាពលរដ្ឋ ជាង២០០នាក់។

លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានឱ្យដឹងថា ៖ ក្នុងមេភូមិម្នាក់ៗ មុនជាប់ជាភូមិបាន ត្រូវឆ្លងកាត់ការបោះឆ្នោតជ្រើសរើសពីសំណាក់សមាជិកក្រុមប្រឹក្សាសង្កាត់ ដោយបេក្ខភាពមេភូមិរូបនោះត្រូវជាប្រជាជនដែលរស់នៅក្នុងតំបន់នោះ  មានសញ្ចាតិខ្មែរ , មានអាយុលើសពី២៥ និងមានលំនៅឋានអចិន្ត្រៃយ៍ច្រើនជាង៦ខែ នៅភូមិឋាននោះ ទើបអាចឋិតក្នុងការបោះឆ្នោតជ្រើសរើសជាមេភូមិបាន ។

ចំពោះការត្រូវបាត់បង់តួនាទីជាមេភូមិទៅវិញ គឺដោយសារកត្តា ៖ មរណះភាព , លាឈប់ , បាត់បង់សតិ ឬកាយសម្បទា ដោយមានការបញ្ជាក់មន្ទីរពេទ្យ , ត្រូវបានតុលាការផ្តន្ទាទោស ពីបទល្មើសឧក្រិដ្ឋ , មានទីលំនៅនៅភូមិផ្សេង , មានកំហុសឆ្គងការងារមិនស្តាប់តាមការណែនាំ ទើបត្រូវបញ្ឈប់ដំណែងដោយក្រុមប្រឹក្សាសង្កាត់ ។

លោកចៅសង្កាត់បន្ថែមថា  មេភូមិ គឺជាសេនាធិការរបស់អាជ្ញាធរសង្កាត់ ដោយលោជាភ្នែកជាច្រមុះ ក្នុងការទទួលដឹងលឺពីបញ្ហា និងសុខទុក្ខនានារបស់ពលរដ្ឋ ប៉ុន្តែលោកពុំមានសមត្ថកិច្ច ឬសិទ្ធិអំណាចណាមួយ ដើម្បីដោះស្រាយជូនពលរដ្ឋនោះឡើយ លើកលែងតែរឿងនោះជារឿងតូចតាចបំផុត ហើយជារឿងដែលអាចចចារដោយផ្ទាល់មាត់ ទើបលោកមានសិទ្ធិក្នុងការសម្របសម្រួល ។ ក្រៅពីនោះ លោកត្រូវចាំបាច់រាយការណ៍បន្តមកកាន់អាជ្ញាធរថ្នាក់លើ ដែលជារដ្ឋអំណាចមានសមត្ថកិច្ចក្នុងដៃ ដើម្បីទៅអន្តរាគន៍ ឬដោះស្រាយចំពោះបញ្ហានានារបស់ប្រជាពលរដ្ឋ ដែលកំពុងកើតមាន ឬកំពុងជួបប្រទះ ។

ក្នុងពិធីនោះ បងប្អូនប្រជាពលរដ្ឋ បានទទួលជ្រាបកាន់តែច្បាស់ អំពីការពន្យល់ណែនាំរបស់អាជ្ញាធរ ប៉ុន្តែពួកគាត់បានលើកឡើងជាសំណើរសំណូមពរជាច្រើនទៅកាន់អាជ្ញាធរដើម្បីជួយដោះស្រាយ លើបញ្ហាដែលពួកគាត់កំពុងជួបប្រទះ មានដូចជាបញ្ហាផ្លូវ , បញ្ហាភ្លើង , គ្រឿងញៀន និងបញ្ហាអសន្តិសុខនានា ដែលឧស្សាហ៍កើតមាន ។ ពិសេសពួកគាត់ស្នើរឱ្យលោកមេភូមិ បន្តយកចិត្តទុកដាក់ និងនៅឱ្យគៀកកើយស្និទ្ធិស្នាលជាមួយពួកគាត់ឱ្យបានច្រើន ដើម្បីពួកគាត់ទទួលបានភាពកក់ក្តៅ ងាយផ្តល់ព័ត៌មានផ្សេងៗ ទម្បីលោកមេភូមិមិនមានអំណាចអាចជួយបានក៏ពតិតមែន តែក៏អាចរាយការណ៍បន្តទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ដល់ពួកគាត់ផងដែរ ។

ក្នុងឱកាសដដែល លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានឡើងមានមតិទទួលយកសំណើរ សំណូមពរ របស់ប្រជាពលរដ្ឋទាំងអស់ ដោយលោកក៏សុំការអភ័យទោស និងអាធ្យាស្រ័យ ចំពោះការចន្លោះប្រហោងតិចតួច ក្នុងការបម្រើបងប្អូន ។ លោកអភិបាលបានបញ្ជាក់ថា ៖ ការដកដាក់មេភូមិ មិនមែនជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ , របស់រដ្ឋបាលរាជធានី ឬសមត្ថកិច្ចរបស់រដ្ឋបាលខណ្ឌឡើយ វាជាសមត្ថកិច្ចតែមួយគត់របស់ក្រុមប្រឹក្សាសង្កាត់ ដែលជាមូលមតិជាឯកច្ឆន្ទ ដើម្បីជ្រើសតាំងតែប៉ុណ្ណោះ ។

លោកអភិបាលខណ្ឌ ក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ពិសេសគណះបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចាក់អង្រែលើ ឱ្យសហការគ្នា ចុះជាប់លាប់ជាប្រចាំនៅតំបន់ភូមិព្រែកតាគង់១ខាងលើ ដើម្បីបង្ការទប់ស្កាត់បទល្មើសកុំឱ្យកើតមាន ក្នុងគោលដៅធានារក្សាបានសន្តិសុខសុវត្ថិភាពល្អជូនពលរដ្ឋនៅតំបន់នោះ ពិសេសត្រូវរងចាំទទួលព័ត៌មានជាប្រចាំរាល់ពេលមានទុក្ខកង្វល់របស់ពលរដ្ឋ ដែលមានតម្រូវការចំបាច់ ឱ្យអាជ្ញាធរចុះទៅធ្វើការដោះស្រាយជូនពួកគាត់ ពេលពួកគាត់ជួបបញ្ហា ៕

ខាងក្រោម ជា តួនាទី មេភូមិ 

មេភូមិ គឺជាអ្នកតំណាងឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ និងជាខ្សែរយៈចម្បងសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងភូមិ និងក្រុមប្រឹក្សា ឃុំ-សង្កាត់។

យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធី នៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ចរបៀបរបបធ្វើការងាររបស់ភូមិ ចុះនៅថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០០៦ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិត្រូវបានកំណត់តួនាទីភារកិច្ច និងរបៀបរបបការងារយ៉ាងជាក់ច្បាស់ចំនួន៨ចំណុចដូចខាងក្រោម៖
១.បង្កើនការពិគ្រោះយោបល់ ទទួលការណែនាំ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន។
២.ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានារបស់ឃុំ-សង្កាត់នៅពេលដែលក្រុមប្រឹក្សាឃុំ-សង្កាត់តម្រូវដើម្បីផ្តល់យោបល់អំពីកិច្ចការដែលពាក់ព័ន្ធក្នុងភូមិខ្លួន។
៣.ធ្វើសេចក្តីរាយការណ៍រាល់បញ្ហាដែលពាក់ព័ន្ធនឹងភូមិរបស់ខ្លួន។
៤.មេភូមិត្រូវទទួលខុសត្រូវអនុវត្តកិច្ចការដែលបានប្រគល់ឱ្យដោយក្រុមប្រឹក្សាឃុំ-សង្កាត់។ ៥.មេភូមិត្រូវចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាករណីមានសំណូមពរ។
៦.មេភូមិមិនមានសិទ្ធិអំណាចចុះហត្ថលេខាលើកិច្ចសន្យា ឬផ្ទេរអំណាច ឬចាត់ចែងក្នុងនាមមេភូមិបានទេ។
៧.មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវជួបប្រជុំគ្នាយ៉ាងតិចមួយដងក្នុងមួយខែ។ ៨.មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវធ្វើការពិគ្រោះឱ្យបានទៀងទាត់ជាមួយប្រជាពលរដ្ឋក្នុងភូមិខ្លួន។

ដើម្បីធានាអនុវត្តតួនាទី ភារកិច្ចខាងលើនេះ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវបានបែងចែកប្រគល់ភារកិច្ចដូចជា មេភូមិទទួលខុសត្រូវរួមក្នុងភូមិរបស់ខ្លួន អនុប្រធានភូមិទទួលជំនួសមេភូមិក្នុងពេលដែលមេភូមិអវត្តមាន សមាជិកភូមិទទួលជួយធ្វើជាលេខាធិការឱ្យមេភូមិ និងទទួលជួយមេភូមិលើការងារស្ថិតិ ការចុះបញ្ជីប្រជាពលរដ្ឋ និងការរក្សាទុកឯកសារនានារបស់មេភូមិ។ មេភូមិក៏អាចបែងចែក ប្រគល់ភារកិច្ចដល់អនុប្រធានភូមិ និងសមាជិកតាមការចាំបាច់ និងធ្វើសេចក្តីរាយការណ៍ជូនមេឃុំ ចៅសង្កាត់សាមីផងដែរ។

សូមបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ- សង្កាត់ ក្រុមប្រឹក្សាឃុំ- សង្កាត់ ជាអ្នកមានសមត្ថកិច្ចបោះឆ្នោតសម្រេចជ្រើសរើសមេភូមិនៅគ្រប់ ភូមិទាំងអស់ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការរៀបចំជ្រើសរើសមេភូមិ ត្រូវធ្វើឡើងតែនៅភូមិណាដែលក្រសួងមហាផ្ទៃបានទទួលស្គាល់ជាផ្លូវការ។ ភូមិ ត្រូវបានបង្កើតឡើងដោយប្រកាសរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រុង ស្រុក ខណ្ឌ បង្កើតដោយអនុក្រឹត្យ ខណៈរាជធានី- ខេត្ត បង្កើតឡើងដោយព្រះរាជក្រឹត្យ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close