ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះអគ្គិភ័យឆេះផ្ទះ
ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះអគ្គិភ័យឆេះផ្ទះចំនួន ១ខ្នង ស្មើនឹង ១គ្រួសារ មានសមាជិករស់នៅក្នុងបន្ទុកចំនួន ៣នាក់ ស្ថិតក្នុងភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ហាក់ សុខមករា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរ។
ឯកឧត្តមបានបញ្ជាក់ថា៖ ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម បើទោះបីអំណោយមនុស្សធម៌មានលក្ខណៈតិចតួចស្តួចស្តើងពុំបានឆ្លើយតបទៅនឹងទំហំនៃការរងគ្រោះនេះពិតមែន ប៉ុន្តែយើងក៏បានចូលរួមចំណែកក្នុងការជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយកម្រិតផងដែរ។ ម៉្យាងវិញទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តមក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះគឺជារដូវប្រាំង ដូចនេះការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ឬចរន្តអគ្គិសនីជាដើម ប្រសិនបើយើងមានការធ្វេសប្រហែស នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសអាយុជីវិតមនុស្ស សត្វ ផងដែរ។
សូមបញ្ជាក់ជូនថា៖ កាលពីរសៀលម៉ោង ៣ជាង ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ មានគ្រោះអគ្គិភ័យមួយ បានកើតឡើងបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីត្រូវបានឆាបឆេះអស់ទាំងស្រុងនូវលំនៅឋាន ១ខ្នង របស់ឈ្មោះ បឿន សុខរ៉េន សមាជិក ៣នាក់ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ដោយពុំបានរងផលប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
អំណោយមនុស្សធម៌របស់សាខា បានឧបត្ថម្ភជូនគ្រួសាររងគ្រោះមាន៖ អង្ករ ៥០ គីឡូក្រាម ,មី ១កេស,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ៊ ,ទឹកបរិសុទ្ធ ៣កេស ត្រីខ ១យួរ ,ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់ ,សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល)។ ក្នុងពេលជាមួយគ្នានេះ ក៏មានសប្បុរសជនមួយចំនួនបានរួមចំណែកជួយឧបត្ថម្ភបន្ថែមនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀតជូនដល់គ្រួសាររងគ្រោះ។ ម៉្យាងទៀតដោយបានឆ្លើយតបទៅនឹងសំណូមពរពីក្រុមគ្រួសាររងគ្រោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល បានជួយឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ សម្រាប់ឱ្យគ្រសាររងគ្រោះ យកចាត់ចែងទៅទិញស័ង្កសី ដើម្បីធ្វើជាទីជម្រកបានស្នាក់នៅដោយសមរម្យបន្តទៀត៕