ប៉េអឹម ខេត្តសៀមរាប បំបែកសំណុំរឿងឃាតកម្ម សម្លាប់បុរស ម្នាក់ ជាអ្នកភូមិជាមួយគ្នា គេចខ្លួនបាន ១រាត្រី ជនដៃដល់ត្រូវបានឃាត់ខ្លួន!

ខេត្តសៀមរាប៖ ករណី ឃាតកម្ម បង្កឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកកាំភ្នើងកែឆ្នៃ (កាំភ្លើងឆ្នុក) បាញ់ទៅលើបុរសជាជនរងគ្រោះម្នាក់ ឈ្មោះ ឌុក ឌឿម ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ ភ្នាក់ងារអភិរក្សប្រាសាទ (អាជ្ញាធរអប្សរា) ពីក្រោយខណៈពេលកំពុងអង្គុយជួបជុំនៅផ្ទះបងប្អូនបណ្ដាលឲ្យស្លាប់ពេលយកទៅដល់មណ្ឌលសុខភាពខ្នងភ្នំ។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២០និង៤៥នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

រំលងបាន១០ម៉ោង គឺនៅវេលាម៉ោង ០៦និង៥០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានចុះសហការជាមួយ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ លឹម វ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ ដែលមានទីលំនៅនៅភូមិជាមួយជនរងគ្រោះខាងលើ នៅចំណុចដូនអ៊ិន ភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើខេត្តសៀមរាប នាំយកមកកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាមចាប់យក ៖  កាំភ្លើងកែច្នៃ ចំនួន ០១ដើម រួមនឹងសម្ភារមួយចំនួនទៀត។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឱ្យដឹងថា រូបខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្ម ដោយយកកាំភ្នើងកែឆ្នៃ បាញ់ទៅលើបុរសជាជនរងគ្រោះ ប្រាកដមែន មូលហេតុដោយសារខ្លួនមានជម្លោះជាមួយឈ្មោះ ភឿន ផិត ដែលរស់នៅក្នុងភូមិជាមួយគ្នា ហើយឈ្មោះ ភឿន ផិត បានវាយរូបខ្លួនចំនួន ០២កៅអី ធ្វើឲ្យខ្លួនមានកំហឹងក៏បានទៅយកកាំភ្លើងកែច្នៃមកបាញ់ ប៉ុន្ដែពុំដឹងថារូបខ្លួនបែរជាបាញ់ច្រឡំចំទៅលើជនរងគ្រោះឈ្មោះ ឌុក ឌឿម ទៅវិញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close