ប្រធានសាលាដំបូងខេត្តតាកែវ ជួបជាមួយគណៈប្រតិភូមកពីបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីពិភាក្សាស្ដីពី«ការកម្មសិក្សាឯកទេសកម្ម» របស់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញាជំនាន់ទី ១១
ខេត្តតាកែវ៖ នៅរសៀលថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ អមដោយលោក លោកស្រីចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋានរដ្ឋបាល បានជួបជាមួយគណៈប្រតិភូមកពីបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីពិភាក្សាស្ដីពី«ការកម្មសិក្សាឯកទេសកម្ម» របស់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញាជំនាន់ទី ១១។
គណៈប្រតិភូបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជាដឹកនាំដោយ ឯកឧត្តម ហេង សុខណា នាយកសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា និងអមដោយមន្ត្រីរាជការនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បាននាំសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី ១១ ចុះកម្មសិក្សា ម៉ូឌុល ៥ «កម្មសិក្សាឯកទេសកម្ម» នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ សម្រាប់រយៈពេល ៤ ខែ ពីថ្ងៃទី២៥ ខែកុម្ភៈដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តមប្រធានសាលាដំបូង ក៏ដូចឯកឧត្ដមព្រះរាជអាជ្ញា បានមានមតិស្វាគមន៍យ៉ាងកក់ក្ដៅ និងបានជម្រាបពីគោលការណ៍កម្មសិក្សា របៀបកម្មសិក្សា វិន័យការងារ គោរពម៉ោងការងារ ជាពិសេសបទបញ្ជាផ្ទៃក្នុងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ។
រីឯគ្រូដឹកនាំកម្មសិក្សា និងគ្រូដឹកនាំសរសេររបាយការណ៍ ក៏បានលើកឡើងពីរបៀបនៃកម្មសិក្សាផងដែរ ដោយបានសន្យាជួយជ្រោមជ្រែងផ្ដល់កិច្ចសហការពេញលេញ សំដៅធានាឱ្យកម្មសិក្សាទទួលបានជោគជ័យ។
ឯកឧត្តម នាយកសាលាភូមិន្ទចៅក្រម និងព្រះអាជ្ញាបានលើកឡើងថា ក្នុងអំឡុងពេលធ្វើកម្មសិក្សា សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញាម្នាក់ៗ តម្រូវឱ្យសរសេររបាយការណ៍កម្មសិក្សា ឯកទេសកម្មរបស់ខ្លួន ដោយត្រូវគោរពតាមលក្ខខណ្ឌនៃគោលការណ៍ណែនាំរបស់គណៈកម្មការបច្ចេកទេស និងគរុកោសល្យ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងត្រូវការពាររបាយការណ៍របស់ខ្លួននៅចំពោះមុខគណៈកម្មការវាយតម្លៃរបាយការណ៍កម្មសិក្សានៅពេលបញ្ចប់កម្មសិក្សា។ ឯកឧត្តមនាយកសាលាក៏បានលើកឡើងបន្ថែមទៀតផងដែរថា របាយការណ៍កម្មសិក្សានីមួយៗ ត្រូវតែមានគុណភាព ពីព្រោះរបាយការណ៍ទាំងនោះ អាចនឹងត្រូវផ្សព្វផ្សាយក្នុងព្រឹត្តិប័ត្ររបស់ក្រសួងយុត្តិធម៌នាពេលអនាគត។
ឯកឧត្តមប្រធានសាលាដំបូង និង ឯកឧត្ដមព្រះរាជអាជ្ញា បានជូនពរសិស្សចៅក្រមចំនួន ៩រូប និងសិស្សព្រះរាជអាជ្ញាចំនួន ៤រូប ឱ្យទទួលបានជោគជ័យ នៅក្នុងការបំពេញកម្មសិក្សា និងយកលទ្ធផល ទៅប្រតិបត្តិការងារ នាពេលចេញទៅបំពេញការងារ ឱ្យបានត្រឹមត្រូវ និងធានាបាននូវយុត្តិធម៌ជូនភាគី និងជាតិ។




