ឯកឧត្តម កើត ឆែ វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ព្យាបាល ថែរក្សាសុខភាពបងប្អូនប្រជាពលរដ្ឋ និងទទួលបានការគោពស្រឡាញ់ពីប្រជាពលរដ្ឋ ជាពិសេសនៅពេលជំងឺកូវីដ១៩ ឆ្លងជាសាកល
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពី “ការពង្រឹងការផ្តល់សេវាសុខាភិបាល គុណតម្លៃក្នុងការប្រាស្រ័យទាក់ទងរវាងគ្រូពេទ្យ និងអ្នកជំងឺ” ប្រារព្ធឡើងនៅសាលប្រជុំ នៃសាលារាជធានីភ្នំពេញ។
នាឱកាសនេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ព្យាបាល ថែរក្សាសុខភាពបងប្អូនប្រជាពលរដ្ឋ និងទទួលបានការគោពស្រឡាញ់ពីប្រជាពលរដ្ឋ ជាពិសេសនៅពេលជំងឺកូវីដ១៩ ឆ្លងជាសាកល ដែលត្រូវបានប្រសិទ្ធនាម ជូនគ្រូពេទ្យថាជាកងទ័ពអាវធ្លាប់បានរួមសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។
វគ្គតម្រង់ទិសនេះនឹងជួយសិក្ខាកាមទាំងអស់ដើម្បីបង្កើនប្រសិទ្ធិភាព ការរៀនសូត្រ ប្រាស្រ័យទាក់ទង និងទទួលបានចំណេះដឹងបន្ថែម សម្រាប់បង្កើនការយកចិត្តទុកដាក់ជាមួយអ្នកជំងឺ។
ជាមួយគ្នានេះ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់លោកគ្រូ ធម្មទានាចារ្យ ចាន់ សេរី ជំនួយការ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញចូលរួមជាគ្រូឧទ្ទេសនៅក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។
សូមសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមឱ្យបានពេញលេញ ខិតខំត្រងត្រាប់ទទួលនូវចំណេះដឹង និងបទពិសោធន៍នានា តាមរយៈការធ្វើបទបង្ហាញរបស់លោកគ្រូឧទ្ទេស និងត្រូវយកចំណេះដឹងដែលទទួលបាននេះទៅអនុវត្តដើម្បីធានាបាននូវសុខដុមនីយកម្ម នៅក្នុងអង្គភាពការងាររៀងៗខ្លួន៕