កូនផ្សោតកើតថ្មីទី៤ ប្រទះឃើញនៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ខេត្តក្រចេះ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ៖ កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង១០:៣០នាទីរសៀល នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៧ក្បាល ផ្សេងទៀត។ គួរបញ្ជាក់ថា នេះគឺជាកូនផ្សោតទី៤ហើយ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣ ០១១ ៣៥៥ ៨៨៣ ០៩៩ ៧៩១ ៩១៩ ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕






