អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍បានវាយតម្លៃជាវិជ្ជមានចំពោះស្ថានភាពវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប,​ លោក Mehmet CELEPOGLU បានថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីប្រតិបតិ្តការអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies អន្តរជាតិ និងដំណើរការអាជីវកម្ម និងចក្ខុវិស័យនាពេលអនាគតប្រកបដោយភាពវិជ្ជមានរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជា។ បន្ថែមលើនោះ, លោក Mehmet CELEPOGLU ក៏បានវាយតម្លៃជាវិជ្ជមានចំពោះស្ថានភាព​វិនិយោគនៅកម្ពុជា​ និងបង្ហាញពីចំណាប់អារម្មណ៍អំពីការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្ដួចផ្ដើមដ៏ល្អជាច្រើនរាជរដ្ឋាភិបាល​ ដែលដឹកនាំដោយសម្ដេចបវរធិបតី ពិសេសលើការកែទម្រង់ពន្ធដា ដែលជាកម្មវិធីកែទម្រង់គាំទ្រដល់ការប្រកួតប្រជែងប្រកបដោយតម្លាភាព និងស្មើភាព។ 

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍លោក Mehmet CELEPOGLU ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន TotalEnergies ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយទាក់ទាញការវិនិយោគ និងការលើកទឹកចិត្តផ្សេងៗដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា កត្តាទាំងនេះគឺជាកិច្ចការចាំបាច់របស់រាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវតែធានានូវបរិយាកាសវិនិយោគមួយដែលអំណោយផលសម្រាប់វិនិយោគិន ការធានានូវភាពជោគជ័យ និងការលើកទឹកចិត្តដល់វិនិយោគិនដែលកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាធានា និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុន TotalEnergies បន្តផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ភាពជោគជ័យបន្ថែមទៀតរបស់ក្រុមហ៊ុន និងការដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមហ៊ុន ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close