លោក ម៉ាង ស៊ីណេត ៖ ក្បាលដី ដែលទទួលអំណោយ ពីជីដូនជីតា ឬឪពុកម្តាយ ចែកឱ្យ តម្រូវឱ្យបញ្ជូនទៅសាខាពន្ធដារខេត្ត ដើម្បីប្រថាប់ត្រា ស្នើសុំជាមុនសិន

ខេត្តព្រះសីហនុ៖ លោកអភិបាលខេត្តព្រះសីហនុ ថ្លែងបែប នេះ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងនោះមានភូមិគគីរ ភូមិចំណោតរាម និងភូមិពូធឿង នៅបរិវេណវត្តគិរីសុខារាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងកំពង់សោម និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

 លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើរបាយការណ៍សង្ខេបស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ មានចំនួន ២,៩១១ក្បាលដី ក្នុងនោះ ភូមិគគីរមានចំនួន ១,០៦៦ ក្បាលដី ភូមិចំណោតរាមមានចំនួន ៥២២ក្បាលដី និងភូមិពូធឿងមានចំនួន ១,៣២៣ក្បាលដី។

ក្នុងចំណោម ២,៩១១ ក្បាលដី គឺមាន ៣ប្រភេទរួមមាន

១-ក្បាលដីដែលទទួលបានពីរដ្ឋចែកឱ្យ គឺអាចយកមកប្រគល់ជូនបងប្អូនប្រជា ពលរដ្ឋបាន នាពេលនេះមានចំនួន ៧០២បណ្ណ។ 

២-ក្បាលដីដែលទទួលបានអំណោយពីជីដូនជីតា ឬឪពុក ម្តាយចែកឱ្យតម្រូវឱ្យបញ្ជូនទៅសាខាពន្ធដារខេត្តប្រថាប់ត្រាស្នើសុំ

ជាមុនសិន ការចែកជូនបងប្អូនប្រជាពលរដ្ឋមានចំនួន ៩៥៩បណ្ណ។ ៣-ក្បាលដីទិញ-លក់ បន្តដៃគ្នាតម្រូវឱ្យម្ចាស់ដីមកយកឯកសារនៅមន្ទីរ ដ.ន.ស.ស.ខេត្ត ដើម្បីបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្តជាមុនសិនមានចំនួន ១,២៥០បណ្ណ។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋជាម្ចាស់ក្បាលដី តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមអបអរសាទរពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅសង្កាត់បិតត្រាំង ហើយរដ្ឋបាលខេត្តចង់ឃើញពុក ម៉ែ បងប្អូនមានសេចក្តីសុខទទួលបានបណ្ណកម្មសិទ្ធស្របច្បាប់ពេល នេះការចែកបណ្ណមានបីប្រភេទ

១-ក្បាលដីដែលទទួលបានពីរដ្ឋ និងធ្វើការចែកនាពេលនេះ។

២-ក្បាលដីដែលទទួលអំណោយពីជីដូនជីតា ឬឪពុកម្តាយចែកឱ្យ តម្រូវឱ្យបញ្ជូនទៅសាខាពន្ធដារខេត្ត ដើម្បីប្រថាប់ត្រាស្នើសុំជាមុនសិនចែកជូនបងប្អូន។

៣-ក្បាលដីដែលបានមកពីការទិញ លក់បន្តគ្នា តម្រូវឱ្យម្ចាស់ដីមកយកឯកសារនៅមន្ទីរ ដ.ន.ស.ស.ខេត្ត ដើម្បីយកទៅបង់ពន្ធប្រថាប់ត្រាជាមុនសិន។

ការទទួលបានបណ្ណនាពេលនេះ ត្រូវថែរក្សាទុកដាក់ឪ្យបានល្អ ព្រោះបណ្ណនេះទៀតសោតមិនត្រូវយកទៅលក់ដូរនោះទេ ក៏ប៉ុន្តែការដោះដូរយកទៅប្រកបមុខរបបពង្រីកអាជីវកម្មផ្សេងៗ ដើម្បីបង្កើនជីវភាពគ្រួសារកាន់តែល្អប្រសើរ ត្រូវគិតគូពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ក្នុងការបង្កើតអាជីវកម្មប្រកបដោយភាពរីករាយក្នុងក្រុមគ្រួសារ។ ស្របពេលដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងទទួលបាននូវ សេចក្តីសោមនស្សរីករាយជាមួយនឹងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខក្សេមសាន្ត ក្រោមម្លប់នៃសន្តិភាព។ ការទទួលបានបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជួយកាត់បន្ថយនូវទំនាស់ដីធ្លីនៅតាមគំរូប្លង់ដែលមន្ត្រីសុរិយោដីបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិទាំង៣ ក្នុងសង្កាត់បិតត្រាំងរបស់យើង ជាទីមោទកទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម ជាពិសេសស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាកចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោសំខាន់ទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបម្រើ និងការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈប្រកបដោយឧត្តមគតិ និងការបេ្តជ្ញាចិត្តយ៉ាងមោះមុត គឺជានិមិត្តរូបនៃការចាប់ផ្តើមទំព័រកម្ពុជាសហសម័យ ដើម្បីតម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ហើយវិស័យដីធ្លីសម្តេចធិបតី បានធ្វើការណែនាំដល់រាជធានី ខេត្ត ជំរុញចេញបណ្ណជូនបងប្អូនប្រជាពលរដ្ឋមានសិទ្ធក្នុងការគ្រប់គ្រងដីធ្លីក្នុងការគ្រប់គ្រងអភិវឌ្ឍឱ្យមានការរីកចម្រើន។

កិច្ចបញ្ចប់ លោកអភិបាលខេត្ត បានផ្តាំផ្ញើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តីសុរិយោដី និងអ្នកពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការចូលរួមគាំទ្រឱ្យបានកាន់តែសកម្មថែមទៀតនៅក្នុងដំណើរការចុះបញ្ជីដីធ្លី និងជំរុញដំណើរការចែកប័ណ្ណជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ព្រមទាំងសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីឱ្យបានលឿន និងមានប្រសិទ្ធភាព៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close