ភ្នំពេញ៖ យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង តាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរជាតិ កាលពីថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៥ នាយកដ្ឋានបានបើកការស្រាវជ្រាវ និងឈានដល់ការបង្រ្កាប ករណីឆបោកក្រោមរូបភាពបោកបញ្ឆោតឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី ដោយជនល្មើសបានបង្កើតគណនីតេឡេក្រាមក្លែងក្លាយដែលបានដាក់ឈ្មោះបន្លំដូចទៅនឹងChannel Telegram ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើអោយមានការជឿជាក់និងដាក់ប្រាក់វិនិយោគ។
ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ស្រី១នាក់ ជនសង្ស័យទី១ឈ្មោះ ក.ស.ន ភេទស្រី មុខរបរ ធ្វើការនៅហាងកែសម្ភស្ស ជនសង្ស័យទី២ឈ្មោះ ប.ត.ម ភេទប្រុស មុខរបរ សន្តិសុខចំណតរថយន្ត នៅផ្សារទំនើប។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានរកឃើញថា ជនសង្ស័យទាំង២ បានឆបោកប្រាក់ជនរងគ្រោះប្រហែលជាង ១៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញផ្សេងៗអោយបានហ្មត់ចត់ជាមុន ជៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ។

