រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ចេញបំភ្លឺថា ការផ្សព្វផ្សាយរបស់កាសែតថៃដែលថា «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំ» គឺជាព័ត៌មានក្លែងក្លាយ និងប្រកាសច្រានចោលទាំងស្រុង
ភ្នំពេញ ៖ លោក Phumtham Wechayachai រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺថៃ ការផ្សព្វផ្សាយរបស់កាសែតថៃមួយចំនួន ក្នុងនោះមានទាំង The Nation ផងដែរ ដែលថា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទសូមទោសភាគីថៃរឿងប្រាសាទតាមាន់ធំនោះ» គឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ ដែលក្រសួងការពារជាតិថៃ សូមច្រានចោលទាំងស្រុង ដោយសារតែព័ត៌មាននេះប្រាសចាកពីការពិត។
សេចក្តីបំភ្លឺដែលធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការពារជាតិថៃ នៅសារព័ត៌មាន Bangkok Post បានដាក់ចំណងជើងថា «ថៃបដិសេធនូវការលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា សូមទោសចំពោះ
ឧបទ្ទវហេតុនៅប្រាសាទ»
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ខ្លួន ដែលថា «នាយករដ្ឋមន្ត្រីកម្ពុជាបានសូមទោស បន្ទាប់ពីពលរដ្ឋកម្ពុជាមួយក្រុមបានបង្កភាព តានតឹងដោយការច្រៀងចម្រៀងស្នេហាជាតិនៅប្រាសាទថៃ ក្បែរព្រំដែន»។
លោក Phumtham Wechayachai បាននិយាយថា «ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការ ឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ»។
លោកបាននិយាយថា «របាយការណ៍មួយ ចំនួនបានលើកឡើងមិនត្រឹមត្រូវថា ខ្ញុំបាននិយាយថា ឧបនាយករដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា និង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានតេទូរស័ព្ទមកខ្ញុំ ដើម្បីសូមទោស។ បញ្ហានេះបានបង្កបញ្ហាដល់ភាគីកម្ពុជា ដោយសារគាត់មិនបានធ្វើបែបនេះ។ ព័ត៌មានត្រូវតែផ្អែកលើការពិត»។
សូមបញ្ជាក់ថា នាថ្មីៗនេះ មានកាសែតក្នុងស្រុកថៃ បានផ្សព្វផ្សាយថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទទៅរដ្ឋមន្រ្តីការពារជាតិថៃ ដោយសូមទោសចំពោះបញ្ហាដែលកើតឡើងនៅតំបន់ប្រាសាទតាមាន់ធំ។
ករណីនៅប្រាសាទតាមន្តធំ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីពលរដ្ឋខ្មែរមួយចំនួន បានឡើងទៅទស្សនានៅប្រាសាទតាមន្តធំ និងបានច្រៀងបទពង្សាវតារខ្មែរ ហើយក៏ត្រូវទាហានថៃដែលប្រចាំការនៅទីនោះចេញមកហាមឃាត់មិនឲ្យច្រៀងបទនេះ។ បញ្ហានេះក៏ត្រូវបានសម្របសម្រួលរវាងភាគីទាំងសង្ខាង ហើយសភាពការណ៍ ក៏បានវិលមករកប្រក្រតីវិញផងដែរ៕