លោក សូ សាមឺឌី ត្រូវបានគណៈកម្មាធិការបោះឆ្នោតជ្រើសរើសជាប់ជាប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌកំបូល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខណ្ឌកំបូល គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌកំបូលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្ដីពីកាបោះឆ្នោតជ្រើសរើស ប្រធានការិយាល័យប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌកំបូល និងជាប្រធានគណៈកម្មាធិការ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការចំនួន៣៣រូប ព្រមទាំង លោកឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងភ្ញៀសកិត្តិយសរុបចំនួនប្រម៉ាន ៥០នាក់។
គួរបញ្ជាក់ផងដែរថា ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្ដល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាយន្ដការអព្យាក្រឹត្យមួយសម្រាប់ការទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ជាពិសេសពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ ការិយាល័យប្រជាពលរដ្ឋខណ្ឌ គឺត្រូវដឹកនាំដោយប្រធាន ១រូប និងមានជំនួយការ ១រូប។ ប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវជ្រើសរើសឡើងតាមការបោះឆ្នោតដោយគណៈកម្មាធិការបោះឆ្នោត ស្របតាមសេចក្ដីណែនាំ លេខ ០៣៧ សណន ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ស្ដីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ។
កាលពីដើមឆ្នាំ២០២០ រដ្ឋបាលខណ្ឌកំបូល បានរៀបចំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌកំបូល ប្រកបដោយភាពរលូន ត្រឹមត្រូវ និងយុត្តិធម៌។ បច្ចុប្បន្ន ប្រធានការិយាល័យចាស់បានផុតអាណត្តិនៅដើមឆ្នាំ២០២៥ ដូច្នេះរដ្ឋបាលខណ្ឌ ត្រូវរៀបចំកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋថ្មី ស្របតាមគោលការណ៍ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់។
បន្ទាប់ពីបានបញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យ ប្រជាពលរដ្ឋ ដោយមានសមាសភាពគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋចូលរួមចំនួន ៣៣រូប/៣៤រូប អវត្តមាន ០១រូប។
ផ្អែកលើលទ្ធផលនៃការបោះឆ្នោត លោក សូ សាមឺឌី ត្រូវបានគណៈកម្មាធិការបោះឆ្នោតជ្រើសរើសជាប់ជាប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌកំបូល រាជធានីភ្នំពេញ ដោយសំឡេងគាំទ្រ ៣០សំឡេង/៣៣សំឡេង ។
អត្ថបទដែលជាប់ទាក់ទង
Open

Close