ស្ពានបេតុងពីរកន្លែង ជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោមឡើងភ្នំគិរីរម្យបើកអោយប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នហើយនៅព្រឹកនេះ

កំពង់ស្ពឺ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បញ្ជាក់អោយដឹងថា ស្ពានបេតុងពីរកន្លែង ជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោម បង្កអោយមានការកកស្ទះអ្នកដំណើរពេលបុណ្យទានម្តងៗ លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ(ឧទ្យានជាតិគីរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកអោយប្រជាពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្នហើយនៅថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ការបើកអោយឆ្លងកាត់បណ្តោះអាសន្ននេះ ក៏ជាផ្នែកមួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅទស្សនាកម្សាន្តព្រឹត្តិការណ៍”បុណ្យភ្នំ”ពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ផងដែរ។
គម្រោងស្ថាបនាស្ពានបេតុង២កន្លែងអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះរួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម ១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។

ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់ស្ទើរ១០០%ហើយ ក្រោយបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ។

ការដ្ឋានគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ ព្រមទាំងដាក់ឱ្យដំណើរការប្រើប្រាស់ផ្លូវការនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close