ទឹកឃ្មុំ សង្ស័យក្លែងបន្លំ ប្រភពដើមទំនិញ ចំនួន ១៣០ធុង ទំងន់ប្រមាណជិត ២០តោន ត្រូវបាន សមត្ថកិច្ច  ចុះបង្ក្រាប!

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ, មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលសង្ស័យធ្វើការនាំចូល ស្តុកទុកទឹកឃ្មុំក្លែងបន្លំប្រភពដើមទំនិញ។
ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ ទឹកឃ្មុំសរុបចំនួន ១៣០ធុង ដែលមានទំងន់សរុប១៩,៨៩០ គីឡូក្រាម ។ ដោយមានភាពសង្ស័យចំពោះទឹកឃ្មុំទាំងអស់អាចជាផលិតផលក្លែងបន្លំប្រភព លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតជាបណ្តោះអាសន្ន ដោយរក្សាទុកនៅក្នុងទីតាំងក្រុមហ៊ុនរួចធ្វើការបិទផ្លុំបេរ ដើម្បីធ្វើការត្រួតពិនិត្យបន្ត និងបាននាំខ្លួនម្ចាស់ទីតាំងជនជាតិវៀតណាម រួមនឹងបុគ្គលពាក់ព័ន្ធទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ។
ជាមួយគ្នានេះសមត្ថកិច្ចសូមធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមរួមគ្នាគោរពច្បាប់ទាំងអស់គ្នាដើម្បីលើកកម្ពស់កិតិ្តយស កេរ្ត៍ឈ្មោះរបស់កម្ពុជាយើង ក៏ដូចជាទំនុកចិត្តពីអ្នកវិនិយោគទុន ហើយបើមានព័ត៌មាន ឬក៏សង្ស័យពីការស្តុកទុកទំនិញក្លែងបន្លំប្រភព សូមធ្វើការរាយការណ៍ដល់សមត្ថកិច្ច ដើម្បីមានវិធានការឲ្យបានទាន់ពេលវេលា ។

អត្ថបទដែលជាប់ទាក់ទង
Open

Close