លោក នួន ផារ័ត្ន ជំរុញអាជ្ញាធរក្រុងស្រុក និងមន្ត្រីជំនាញ ខិតខំបន្តទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធិភាព

ខេត្តកំពង់ធំ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញដល់អាជ្ញាធរក្រុងស្រុក និងមន្ត្រីជំនាញ ខិតខំអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធិភាព ព្រមទាំងរួមគ្នាបន្តទប់ស្កាត់បង្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ប្រសាសន៍នេះ លោក នួន ផារ័ត្ន បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
លោក នួន ផារ័ត្ន បានថ្លែងអំណគុណដល់កងម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលសហការគ្នាបានល្អ រួមគ្នាទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសកម្លាំងទីបញ្ជាការស្រាលដែលប្រចាំការនៅតាមគោលដៅវាលក្រោម ដីតំបន់៣ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មិនមានការកាប់ទន្ទ្រានថ្មីបន្ថែមទៀតនោះទេ និងទទួលបានលទ្ធផលល្អប្រសើរ។
ទន្ទឹមនឹងនោះដែរ លោក នួន ផារ័ត្ន បញ្ជាក់ទៀតថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ដែនគ្រប់គ្រងដីវាលក្រោម ដីតំបន់២ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខេត្ត ដីតំបន់៣ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹក និងឧតុនិយម ហើយដីតំបន់២ និងតំបន់៣ បច្ចុប្បន្ននេះ មិនមានការកាប់ទន្ទ្រានអាស្រ័យផលនោះទេ។
ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តកំពង់ធំ ក៏បានមានវិធានការគ្រប់គ្រងគ្រោះរាំងស្ងួត ដោយហាមមិនឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងបន្តទៀតនោះទេ និងរក្សាទឹកទុកសម្រាប់មនុស្ស សត្វ ប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងសំណូមពរ អភិបាលក្រុងស្រុក បន្តចុះជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់សំណូមពរ បញ្ហាប្រឈម និងរកដំណោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
នៅក្នុងកិច្ចប្រជុំនេះ ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់, ការងារកសិកម្ម, ការងារសុខាភិបាល និងការងារអប់រំ យុវជន និងកីឡា គឺជាប្រធានបទសំខាន់សម្រាប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែនេះ របស់រដ្ឋបាលខេត្តកំពង់ធំ។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ
អត្ថបទដែលជាប់ទាក់ទង
Open

Close