ហ្វីលីពីន៖នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីប្រតិបត្តិការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានបង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលរួមមាន ការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងការកែច្នៃ និងនាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនដូចជា៖ ហុងកុង ប្រទេសចិន និងទីផ្សារដទៃទៀតនាពេលអនាគត ព្រោះតែអង្ករកម្ពុជាមានគុណភាពខ្ពស់ និង ទទួលបានចំណាត់ថ្នាក់ល្អច្រើនឆ្នាំ ជាប់ៗគ្នា។
ជាការឆ្លើយតប សម្តេចបវរធិបតី បានបង្ហាញក្តីសោមនស្សចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ ពាក់ព័ន្ធនឹងវិស័យកសិ-ឧស្សាហកម្ម សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាការវិនិយោគលើទំនិញកសិ-ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម ក៏ដូចជា ការផលិតជីបែបធម្មជាតិ និងជីគីមី ជាដើម។



