ហ្វីលីពីន៖នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការស្វែងរកកិច្ចសហការជាមួយដៃគូនៅកម្ពុជា។ ជាក់ស្ដែង ការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន ជាមួយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលការណ៍នេះបង្ហាញយ៉ាងច្បាស់អំពីបំណង និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ និងការពង្រីកអាជីវកម្មនៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសក្នុងវិស័យសុខាភិបាល។ លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញអំពីចក្ខុវិស័យនៃការអភិវឌ្ឍន៍វិស័យអប់រំផ្នែកសុខាភិបាល នៅកម្រិតឧត្តមសិក្សាឱ្យមានភាពរីកចម្រើន និងឈានមុខគេនៅក្នុងតំបន់អាស៊ី នាពេលអនាគត។ ក្នុងន័យនេះ, ការចាប់ដៃគូជាមួយនឹងវិនិយោគិនកម្ពុជា គឺជាកិច្ចការស្នូល ដែលនាំឱ្យក្រុមហ៊ុនទទួលបានជោគជ័យ។ លោកប្រធានក្រុមហ៊ុនជឿជាក់ថា តាមរយ:ការគាំទ្ររបស់សម្ដេចបវរធិបតី និងភាពជាដៃគូល្អ ក្រុមហ៊ុននឹងទទួលបានជោគជ័យ នៅកម្ពុជា។ បន្ថែមលើនេះ បន្ទាប់ពីសម្រេចបាននូវដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កា នាឱកាសនៃការចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងការចូលជួបសម្ដែងការគួរសមជាមួយសម្ដេចបវរធិបតី ពីសំណាក់ក្រុមប្រឹក្សាភិបាលនៃធុរជនស្ត្រីរបស់ហ្វីលីពីន នាខែមករា កន្លងទៅ នៅរាជធានីភ្នំពេញ, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីគម្រោងនៃការធ្វើទស្សនកិច្ចរបស់ប្រតិភូក្រុមហ៊ុននៅកម្ពុជាសារជាថ្មី នាពេលខាងមុខដ៏ខ្លីនេះ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការអបអរសាទរចំពោះការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន World Citi Group និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៃប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍នៃការបើកវេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ពិសេសក្នុងវិស័យអប់រំផ្នែកសុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសុខាភិបាល ស្របពេលដែលកម្ពុជានឹងមានតម្រូវការខ្ពស់ចំេពាះអ្នកជំនាញការផ្នែកសុខាភិបាល ជាពិសេសគិលានុបដ្ឋាយិកា សម្រាប់បម្រើ និងផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ រួមទាំងជនចាស់ជរា។ ដោយសារវិស័យសុខាភិបាលស្ថិតនៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រពិត, សម្ដេចបវរធិបតីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកំណត់គុណភាព និងស្តង់ដារអប់រំក្នុងវិស័យនេះ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនង និងសហការជាមួយនឹងដៃគូក្នុងស្រុក ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដែលមានសមត្ថកិច្ចក្នុងការកំណត់គុណភាព និងស្ដង់ដារច្បាស់លាស់ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាលនេះ៕



