កម្ពុជា-ហ្វីលីពីន នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត
ហ្វីលីពីន៖នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្ដើម, ឯកឧត្តមប្រធានាធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចបវរធិបតី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជេីញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន។ សម្តេចបវរធិបតីបានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតីយ៉ាងជ្រាលជ្រៅ ដែលបានផ្តល់នូវការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះសម្តេច និងគណៈប្រតិភូ នាពេលនេះ។
ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន រួមមានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម, វិនិយោគ, ធុរកិច្ច, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សុខាភិបាល, វប្បធម៌, អប់រំ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ,បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌអាស៊ាន, តំបន់, និងអន្តរជាតិផងដែរ៕







