តើមាន អភិបាលខេត្ត ណាខ្លះ ហ៊ានចំណាយ ប្រាក់ខែ ផ្ទាល់ខ្លួន អភិវឌ្ឍ មូលដ្ឋាន ដូច អភិបាលខេត្តស្ទឹងត្រែង?

ខេត្តស្ទឹងត្រែង ៖ ផ្លូវកំពុងសាឡាង នៅកំពុងស្រឡាង ដែលរងការខូចខាត ស្ទើរទាំងស្រុង ត្រូវបានជួសជុលកែលម្អឡើងវិញហើយ ដើម្បី ទាក់ទាញអ្នកទេសចរ ដែលមកលេងកម្សាន្ត នៅខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានចុះពិនិត្យទីតាំង ផ្លូវខាងលើ មានប្រសាសន៍ ថា ៖
ទី១. ចង់រក្សាសមិទ្ធិផលចាស់ នឹងកែលម្អសោភ័ណភាព ស្របទៅគោលការណ៍ រក្សាចាស់ អភិវឌ្ឍន៍ថ្មី។
ទី២. កែសោភ័ណភាពទីនេះ ឲ្យទៅជាកន្លែងដែលមានលក្ខណៈស្រស់ស្អាតឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលប្រារព្ធនូវពិធីបុណ្យប្រពៃណីផ្សេងៗ ដូចជា បណ្តែតប្រទីប ជាដើម។
ទី៣. បង្កលក្ខណ: ងាយស្រួល ដល់ប្រជាពលរដ្ឋ បើកទូកមកដោះដូរទំនិញនៅទីនេះ ហើយ កន្លែងនេះ នឹងក្លាយជាកន្លែងទេសចរណ៍ ពេលដែលធ្វើស្អាតរួចរាល់។
លោកអភិបាលខេត្ត សរ សុពុត្រា បន្តទៀតថា ចំពោះ ថវិកា សំរាប់ជួសជុលនេះ គឺជាប្រាក់ខែផ្ទាល់ខ្លួន របស់ លោក មិនយក ថវិកា ជាតិ មកចំណាយនោះទេ ។
លោក សរ គឹមណាត ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវកំពុងសាឡាងចាស់នេះ នឹងចាប់ផ្តើមជួសជុលនៅសប្តាហ៍ក្រោយនេះហើយ ។
លោក ថា ផ្លូវនេះមានប្រវែង១៣១ម៉ែត្រ ទទឹង៦ម៉ែត្រ នឹងសម្រុកធ្វើឲ្យរួចរាល់ឆាប់ៗនៅពេលប៉ុន្មានខែខាងមុខនេះ ។
សូមជម្រាបផងដែរថា កំពុងសាឡាងនេះ គឺបានបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងមកម្លេះ តែមកដល់ពេលនេះ លោកអភិបាលខេត្តស្ទឹងត្រែងថ្មី បានយកចិត្តទុកដាក់ នឹងជួសជុលកែលម្អឡើងវិញ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរ៕
ដោយ ៖ អ៊ុល គឹមលាង
អត្ថបទដែលជាប់ទាក់ទង
Open

Close