អាវុធហត្ថរាជធានីភ្នំពេញ ដាក់វិន័យរដ្ឋបាល ដោយកោសក់ ទៅលើក្មេងទំនើង៤នាក់ ព្រមទាំងដកហូតម៉ូតូរក្សាទុក ៣ខែ!
ភ្នំពេញ៖ កាលពីវេលាម៉ោង១៧:៤០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល បានធ្វើការល្បាតដើម្បី បង្ការ បង្រ្កាបក្រុមក្មេងទំនើងក្នុងភូមិសាស្រ្តខណ្ឌ ក៏បានជួបប្រទះនឹងក្មេងទំនើង០១ក្រុម កំពុងធ្វើសកម្មភាព បង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវបេតុង ភូមិជ័យជំនះ សង្កាត់ឳឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងល្បាតអាវុធហត្ថខណ្ឌកំបូល ក៏ធ្វើការឃាត់ខ្លួនក្មេងទំនើងទាំងនោះបានចំនួន ០៤នាក់ រួមមាន៖ ១-ឈ្មោះ សាន សៀកម៉េង ភេទប្រុស អាយុ ១៨ឆ្នាំ, ២-ឈ្មោះ លី ណារ៉ុង ភេទ ប្រុស អាយុ ១៦ឆ្នាំ, ៣-សៀន រ៉ាមុត ភេទប្រុស អាយុ ២០ឆ្នាំ, ៤-ឈ្មោះ សុ ភ័ក្រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស នាំយកមកមូលដ្ឋានខណ្ឌ ដើម្បីធ្វើការអប់រំ និងដាក់វិន័យរដ្ឋបាល ដោយកោសក់ ព្រមទាំងដកហូតម៉ូតូ០១គ្រឿង រក្សាទុក ០៣ខែ ផងដែរ។
សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕