បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយ នៃជីវិតប្រចាំថ្ងៃ ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​បិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរការឆ្ពោះទៅបរិវត្តកម្ម​ឌីជីថល និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃ​ព្រហស្បត្តិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា​ បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយ នៃជីវិតប្រចាំថ្ងៃ ​របស់យើង ហើយបាននឹងកំពុងក្លាយជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ​ និងប្រជាជន​ រួមមាន៖​

១/ ជួយប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនាក់បានលឿន និងតម្លៃទាប​

និង២/ ចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ គឺតាមរយៈការបង្កើតធុរកិច្ចអនឡាញ ទាំងផលិតករ និង​សេវា​បំពេញបន្ថែម ឧទាហរណ៍ សេវាដឹកជញ្ជូន និងសេវាផ្សេងៗ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា សម័យកាលមុន មនុស្សភាគ​ច្រើនពឹង​លើតែកុំព្យូទ័រ តែបច្ចុប្បន្នយើងពឹងផ្អែកមួយផ្នែក​ធំ​លើទូរស័ព្ទដៃ ឬសម្ភារអេឡិចត្រូនិចចល័ត។ ការប្រែប្រួលនេះ គឺដែលអាចកើតឡើង និងមានការរីកចម្រើនដូចសព្វថ្ងៃអាស្រ័យលើកត្តា ២ គឺ៖

១/ លទ្ធភាព និងជីវភាពរបស់ប្រជាជន

និង ២/ វិសាលភាពនៃការគ្របដណ្តប់នៃសេវា។

សមិទ្ធផល​នេះ គឺមិនកើតឡើងដោយភាពចៃដន្យនោះទេ គឺកេីតឡេីងដោយមានការដាក់ចេញនូវចក្ខុវិស័យ​ គោល​នយោយបាយ​ច្បាស់លាស់ ព្រមទាំង​ការដាក់ចេញនូវផែនការមេ និងផែនការអនុវត្ត​របស់រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​ជាងពីរទស្សវត្សកន្លងមកនេះ​ និង​បន្តជំរុញការ​អភិវឌ្ឍទៅថ្ងៃខាងមុខបន្តទៀត។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​បានដាក់ចេញអនុសាសន៍គន្លឹះចំនួន ១១ ដល់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងការទទួល និងអនុវត្តដូចជា៖

១/ ពង្រឹងអភិបាលកិច្ច​ក្នុង​វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល អភិវឌ្ឍសមត្ថភាព ស្ថាប័ន និងពង្រឹង​សមត្ថភាពមន្ត្រីរាជការឱ្យកាន់តែល្អប្រសើរបន្ថែម,

២/ ពន្លឿនការរៀបចំសេចក្តីព្រាងគោល​នយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ និងគោលការណ៍ណែនាំពាក់ព័ន្ធ

៣/ បន្តពង្រឹងគុណ​ភាពសេវាប្រៃសណីយ៍ លើកកម្ពស់ទំនុកចិត្តសេវាប្រៃសណីយ៍ និងការអភិវឌ្ឍប្រៃសណីយ៍

៤/ ត្រូវ​យកចិត្តទុកដាក់ពង្រឹងគុណភាពសេវា ពង្រីកវិសាលភាពនៃសេវាទូរស័ព្ទ និងអ៊ិនធើណែត

៥/ បន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ការស្រាវជ្រាវ និងនវានុវត្តន៍លើវិស័យបច្ចេក​វិទ្យា ឌីជីថល ជាពិសេសបច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ

៦/ ត្រូវបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល តាមរយៈកម្មវិធីអក្ខរកម្មឌីជីថល កម្មវិធីអប់រំឌីជីថលកម្រិតឧត្តមសិក្សា កម្មវិធីបណ្តុះបណ្តាល​ពង្រឹងជំនាញឌីជីថលក្នុងចំណោមមន្ត្រីរាជការ និងកម្មវិធីភាពជាអ្នកដឹកនាំឌីជីថល

៧/ ក្រសួង​ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំធនធានមនុស្សឌីជីថល សម្រាប់គាំទ្រដល់ដំណើរការនៃការធ្វើបរិវត្ត​កម្ម ឌីជីថលផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈឌីជីថលដល់វិស័យឯកជន និងប្រជាពលរដ្ឋ

៨/ ត្រូវ​យកចិត្តទុកដាក់គិតគូអំពីអភិបាលកិច្ច និងការគ្រប់គ្រងទិន្នន័យ, ការរៀបចំនិម្មាបនកម្មរដ្ឋាភិបាល ការធ្វើអន្តរប្រតិបត្តិការ ការធ្វើកូដនីយកម្មនិន្នន័យ និងការរក្សាទុកទិន្នន័យនៅក្រសួង ស្ថាប័ន​សាម៉ី

៩/ ត្រូវសហការជាមួយក្រសួង​ ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ ដើម្បីឱ្យប្រើប្រាស់ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល

១០/ ត្រូវផ្តល់កិច្ចសហការ និងជំនួយ​បច្ចេកទេសផ្នែកសន្តិសុខសាយប័រដល់ ក្រសួង ស្ថាប័ន ដើម្បីការពារថ្នាល និងកម្មវិធីឌីជីថល

១១/ លើកទឹកចិត្តឱ្យសហប្រធានក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បន្តពិភាក្សាលើសំណូមពរ និងបញ្ហាប្រឈម ព្រមទាំងចូល​រួម​ជំរុញ និងទាក់ទាញធុរកិច្ច និងការវិនិយោគបន្ថែមក្នុងវិស័យឌីជីថល ដើម្បីទទួលបានលទ្ធផលជា​ផ្លែផ្កាបន្ថែមទៀត សម្រាប់សង្គម និងសេដ្ឋកិច្ចជាតិ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close