អភិបាលខណ្ឌឫស្សីកែវ ៖ បញ្ឈប់យកប្រយោជន៍ ពីដីផ្លូវ និងដីចំណីរបស់រដ្ឋ យកទៅដាក់ជួលឲ្យអាជីវករលក់ដូរជាបន្ទាន់ !
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ និងកម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងផ្សារច្រាំងចម្រេះ,ផ្សារលើចំណីផ្លូវលេខ១០៥ ដែលតែងតែបង្ករការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងចុះពិនិត្យមើលការរៀបចំអភិវឌ្ឍផ្សារសាមហាន ផងដែរ។
នាឱកាសនោះ លោកអភិបាល បានណែនាំឲ្យម្ចាស់លំនៅឋានបញ្ឈប់យកប្រយោជន៍ពីដីផ្លូវនិងដីចំណីរបស់រដ្ឋយកទៅដាក់ជួលឲ្យអាជីវករលក់ដូរជាបន្ទាន់ ត្រូវសហការជាមួយអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ឲ្យមានលក្ខណៈប្រសើរ បើមិនដូច្នោះទេ រដ្ឋបាលខណ្ឌនឹងអនុវត្តតាមវិធានការផ្លូវច្បាប់ ទោះបីជាពេលកន្លងមកអាជ្ញាធរបានចុះអប់រំណែនាំច្រើនលើកយ៉ាងណាក្តី។ ជាមួយគ្នានេះ ទីតាំងផ្សាររដ្ឋចំនួន៣ក្នុងខណ្ឌរួមមាន៖ ផ្សារច្រាំងចម្រេះ ផ្សារទួលសង្កែ និងផ្សារគីឡូម៉ែត្រលេខ៦ លោកអភិបាល បានឲ្យក្រុមការងារ ចុះពិនិត្យសិក្សាលំអិតដើម្បីកែលម្អផ្សាររដ្ឋឲ្យសមស្របប្រសើរឡើង។
សម្រាប់ផ្សារសាមហាន លោកអភិបាលខណ្ឌ បានណែនាំឲ្យម្ចាស់ផ្សាររៀបចំអភិវឌ្ឍផ្សារ ត្រូវមានលក្ខណៈស្តង់ដារសុវត្ថិភាព និងផាសុខភាព របៀបរៀបរយដល់បងប្អូនអាជីវករ និងអតិថិជនដែលចេញចូល និងសូមឲ្យអាជ្ញាធរមូលដ្ឋានសង្កាត់ ត្រូវតាមដានជាប់ជាប្រចាំលើបញ្ហាសន្តិសុខផងដែរ ៕