អភិបាលក្រុងភ្នំពេញ ចុះទៅដល់ភ្លាម ករណី អគ្គិភ័យនៅចំណុច ក្លិប មីតណាយ ព្រីមៀរ

ភ្នំពេញ៖ សមត្ថកិច្ចក្រុងភ្នំពេញ​ បញ្ជាក់អោយដឹងថា មាន ករណី អគ្គិភ័យ នៅចំណុច ក្លិប មីត ណាយ ព្រីមៀរ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ សមត្ថកិច្ច ប្រមូលព័ត៌មាន ចុងក្រោយ ស្លាប់ ចំនួន២នាក់ រងរបួសធ្ងន់ ចំនួន៥នាក់។
ការអន្តរាគមន៍ជួយសង្គ្រោះអគ្គិភ័យនៅចំណុចខាងលើរហូតដល់១៣:៣០នាទីរសៀល ពីសំណាក់កងម្លាំងសមត្ថកិច្ចគឺមានជនរងគ្រោះស្លាប់ ចំនួន២នាក់ (ប្រុស) រងរបួសធ្ងន់ ចំនួន៥នាក់ (ប្រុស)។
ក្នុងគ្រោះអគ្គិភ័យនេះ គេឃើញវត្តមាន លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០ និង៣០នាទីព្រឹក មានករណីអគ្គិភ័យមួយ កន្លែងកើតឡើងនៅចំណុចក្លិបមីតណាយព្រីមៀរ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុបណ្តាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ និងធ្វើឱ្យឆេះក្លិបកម្សាន្ត ទំហំ ៣៥ម៉ែត្រ X៤០ម៉ែត្រ ហើយខូចខាតម៉ូតូ ចំនួន ០៥គ្រឿង រួមទាំងសម្ភារក្នុងក្លិបអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ម៉ែត្រ x០៥ម៉ែត្រ ចំនួន ០១បន្ទប់ ។

 

សមត្ថកិច្ច បញ្ជាក់ថា នៅវេលាម៉ោង១៣ និង ៣០នាទីរសៀល អគ្គិភ័យនេះត្រូវបានពន្លត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ឱ្យចំនួន ៤០ឡាន ស្មើនឹង១៦០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ១០ម៉ែត្រគូប, រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ឡាន ស្មើនឹង ២៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់អស់ ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យសួនឧស្សាហ៍កម្មកាណាឌីយ៉ា ចំនួន ០១គ្រឿង ប្រើប្រាស់អស់ ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងនរា ចំនួន ០២គ្រឿង ប្រើប្រាស់អស់ ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង
Open

Close