អគ្គនាយក CMAC ៖ ការផ្អាកគម្រោងជំនួយ របស់សហរដ្ឋអាមេរិក និងប៉ះពាល់ដល់សកម្មភាពប្រតិបតិ្តការខ្លះរបស់អង្គភាព នៅខេត្តគោលដៅទាំង៨ខេត្ត
ខេត្តត្បូងឃ្មុំ ៖នៅថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋានកងឯកភាពទី៥ ខេត្តត្បូងឃ្មុំ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងថ្នាក់ដឹកនាំអង្គភាពបានជួបសំណេះសំណាលនឹងផ្សព្វផ្សាយការងារពាក់ពន្ធ័ការផ្អាកគម្រោងជំនួយរបស់សហរដ្ឋអាមេរិកនិងប៉ះពាល់ដល់សកម្មភាពប្រតិបតិ្តការខ្លះរបស់អង្គភាពនៅខេត្តគោលដៅទាំង៨ខេត្តនោះ។ សូមបញ្ជាក់ថា កម្លាំងនេះជាកម្លាំងបោសសម្អាតគ្រាប់បែកចង្កោមនិងគ្រាប់មិនទាន់ផ្ទុះជាគោលមិនសំដៅលេីការបោសសម្អាតគ្រាប់មីន/ចម្ការមីននោះទេ។ ពេលខ្លះដោយសារយល់បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមមិនច្បាស់ធ្វេីឱ្យមានការបកស្រាយខុស។
សូមជម្រាបថា សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាអាចបែងចែកជា៥បញ្ហាសំខាន់គឺ
១. បញ្ហាគ្រាប់មីន៖ មានគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទនិងគ្រាប់មីនប្រឆាំងយានយន្ត មានចំនួនប្រមាណ៤-៦ លានគ្រាប់
២. បញ្ហាគ្រាប់បែកចង្កោម៖ គ្រាប់បែកចង្កោមដែលទម្លាក់ក្នុងសង្គ្រាមមានចំនួនប្រមាណជាងមួយមុឺនទីតាំងមានបរិមាណគ្រាប់ចំនួនជាង២៨លានគ្រាប់។
៣. បញ្ហាគ្រាប់ទម្លាក់ពីយន្តហោះ៖ មានចំនួនជាង២សែន៣មុឺនទីតាំងមានទម្ងន់គ្រាប់បែកប្រមាណ៤.០៣ លានតោន
៤. បញ្ហាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ៖ គ្រាប់កាំភ្លេីងធំ គ្រាប់ប្រយុទ្ធថ្មេីជេីងផេ្សងៗ…. ជាដេីម គ្មានព័ត៌មានច្បាស់លាស់ទេ
៥. បញ្ហាគ្រាប់បែកអាវុធគីមី៖ គ្រាប់បែកអាវុធគីមីទម្លាក់ពីយន្តហោះមួយចំនួន
បញ្ហាទាំង៥នៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជានេះ ស្ថិតក្រោមអនុសញ្ញាអន្តរជាតិមួយចំនួនដូចជា៖ ១.បញ្ហាគ្រាប់មីនប្រឆាំងមនុស្សស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមឃាត់ការប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្ស.. ២. បញ្ហាគ្រាប់បែកចង្កោម ស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមប្រេីប្រាស់…គ្រាប់បែកចង្កោម និង៣. បញ្ហាអាវុធគីមី ស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមឃាត់ប្រេីប្រាស់អាវុធគីមី។ ក្នុងចំណោមអនុសញ្ញាអន្តរជាតិទាំង៣ខាងលេីនេះ កម្ពុជាជារដ្ឋភាគីសម្រាប់អនុសញ្ញាអន្តរជាតិចំនួន២គឺ គ្រាប់មីនប្រឆាំងមនុស្សនិងអាវុធគីមី។ ដូចនេះការអនុវត្តភារកិច្ចបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមត្រូវអនុលោមតាមច្បាប់ជាតិនិងអន្តរជាតិផងនិងពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិផងដែរ។
ជាក់ស្តែងការអនុវត្តអនុសញ្ញាអន្តរជាតិអាវុធគីមី មានមាត្រាមួយចំនួនមានចែងច្បាស់ថា”ការបោសសម្អាតសំណល់អាវុធគីមី ជាបន្ទុកទទួលខុសត្រូវដោយប្រទេសផលិតឬរដ្ឋដែលប្រេីប្រាស់អាវុធគីមីនោះទៅលេីរដ្ឋរងគ្រោះ”…ជាដេីម។ ឧទាហរណ៍ជាក់សែ្តងបញ្ហាអាវុធគីមីរវាងប្រទេសជប៉ុននិងចិន ដោយក្នុងសង្គ្រាមនិងក្រោយសង្គ្រាមជប៉ុនបានប្រេីប្រាស់និងបន្សល់ទុកអាវុធគីមីមួយចំនួននៅលេីទឹកដីប្រទេសចិន ដូចនេះភាគីរដ្ឋាភិបាលជប៉ុនមានភារកិច្ចជាអ្នករ៉ាប់រងធ្វេីការបោសសម្អាតអាវុធគីមីសំណល់សង្គ្រាមនៅទឹកដីប្រទេសចិននោះទាំងស្រុងតែម្តង ជំនួសឱ្យភាគីប្រទេសចិន។
សរុបខ្លី ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងភាពជា ដៃគូល្អជាប្រការចាំបាច់ និងការពង្រឹងភាពជាម្ចាស់ ដោយម្ចាស់ការលេីសភាពការណ៍ដេីម្បីឯករាជ្យភាពនិងអធិបតេយ្យជាតិជាមូលដ្ឋានគ្រឹះនៃសុខសន្តិភាពសង្គមជាតិ។ ដូចនេះកង្វះខាតការស្វែងយល់សុីម្រៅលេីឬសគល់បញ្ហាហេីយបែរជាដាក់បន្ទុកលេីរាជរដ្ឋាភិបាលនោះ អាចធ្វេីឱ្យប៉ះពាល់ផលប្រយោជន៍ជាតិនិងទំនាក់ទំនងអន្តរជាតិ។
លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សូមបញ្ជាក់ជាថ្មីថា អង្គភាពសុីម៉ាក់ផ្អាកតែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ ដូចនេះកម្លាំងអង្គភាពសុីម៉ាក់បន្តឆ្លេីយតម្រូវការរបស់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានខេត្តទាំងឡាយ តាមសំនូមពរជាធម្មតា!