គេលក់គាត់ នៅជ្រៃធំ តើអាចជួយអ្វីបាន គេវាយធ្វើបាបព្រោះគាត់មិនធ្លាប់ធ្វើការចឹង ទៅ ប្តឹង ប៉ូលីស គេមិនរវល់សោះ អោយលុយគេ ៥០០០$ ថាអាចជួយបានលូវស្ងាត់ឈឹង! ជាព័ត៌មាន ក្លែងក្លាយ

ខេត្តកណ្តាល៖  ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនទៅ នឹងគណនីហ្វេសប៊ុក Anonymous participant ដែលបានបង្ហោះផ្សព្វផ្សាយនៅក្នុងគ្រុបហ្វេសប៊ុក (អ្នកម្តាយឆ្លាតវៃ) ដែលមានខ្លឹមសារថា «សុំសួរមួយបងៗ ខ្ញុំមានគ្រួសារជនជាតិចិនខ្ញុំមានអាតាស៊ីវិល រៀបការ៦ឆ្នាំហើយមិនដែលនៅបែកគ្នាទេ ខ្ញុំទៅចិនរហូត តែឥលូវនេះប្តីខ្ញុំ មិត្តគាត់ទៅញាំអី បន្ទាប់ពីផឹកស្រវឹងហើយ ចេញមកវិញមានឡានខ្មៅចាប់គាត់ចូលឡាន តែគេមិនចាប់មិត្តគាត់ទេចាប់តែគាត់

ឥឡូវ ៨ថ្ងៃ ហើយ គាត់ទាក់ទង មកថា គេលក់គាត់ នៅជ្រៃធំ តើអាចជួយអ្វីបាន គេវាយធ្វើបាបព្រោះគាត់មិនធ្លាប់ធ្វើការចឹង ទៅ ប្តឹង ប៉ូលីស គេមិនរវល់សោះ អោយលុយគេ ៥០០០$ ថាអាចជួយបានលូវស្ងាត់ឈឹង»។

ក្រោយពីទទួលបានព័ត៌មានខាងលើរួច អនុវត្តតាមបញ្ជាលោកឧត្តមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទទួលលទ្ធផលដូចខាងក្រោម៖

១-កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មិនបានទទួលពាក្យបណ្តឹង ឬព័ត៌មានពាក់ព័ន្ធករណីដូចបានបង្ហោះផ្សព្វផ្សាយនោះទេ។

២-ចំពោះគណនីខាងលើបានខមិន ថា បានមកដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយ ដូចជាមិនសូវរវល់សោះ បើប៉ូលីសមិនអាចជួយបានមានតែយកលុយទៅរំដោះគាត់ សួរមិត្តគាត់ជនជាតិចិនដូចគ្នាគេថាយកលុយ៥០០០០$ ៦០០០០$ នោះ គឺមិនពិតនោះទេ កម្លាំងជំនាញមិនបានជួប និងមិនបានឃើញម្ចាស់គណនីខាងលើមកទំនាក់ទំនងផ្តល់ព័ត៌មានអ្វីទាំងអស់ ជាការប្រឌិតទាំងស្រុង។

អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ។

អត្ថបទដែលជាប់ទាក់ទង
Open

Close