ករណី មនុស្ស៣នាក់ ស្លាប់ និង២នាក់ទៀត កំពុងព្យាបាល នៅស្រុកបរកែវ ខេត្តរតនគិរី មិនជាប់ពាក់ព័ន្ធ និងការពុល ស្រា.សនោះទេ. !

ខេត្តរតនគិរី ៖ ករណី មនុស្ស៣នាក់ ស្លាប់ និង២នាក់ទៀត កំពុងព្យាបាល នៅស្រុកបរកែវ ខេត្តរតនគិរី មិនជាប់ពាក់ព័ន្ធ និងការពុល ស្រា.សនោះទេ. ! លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អនុញ្ញាតអោយបើកទីតាំងផលិតស្រា. ស ឡើងវិញ នៅទូទាំងខេត្ត 

នេះបើយោងតាមរបាយការណ៍ ដែលផ្តល់ដោយ លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងនៅល្ងាចថ្ងៃទី៣០មករានេះ ថា ករណីដែលមានមនុស្សស្លាប់និងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងនោះ មិនមានពាក់ព័ន្ធជាមួយនិងស្រា.សនោះទេ ហើយមន្ទីរសុខាភិបាលកំពុងស្វែងរកនូវហេតុផលផ្សេង និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍វត្ថុវិភាគមួយចំនួនទៀត។

លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ បន្តថា ចំណែក ម្ហូបអាហារក៏នៅមិនទាន់ដឹងថា មានសារធាតុជាតិពុលអ្វីនោះទេ គឺកំពុងយកសំណាក ម្ហូបអាហារ ទៅមន្ទីរពិសោធន៍ទាល់តែចេញជាលទ្ធផលសិន បានអាចយកជាផ្លូវការបាន។ 

ដោយឡែកលទ្ធផលបឋម ចំពោះសំណាកស្រា.ស ដែលប្រមូលពីផ្ទះអ្នកស្លាប់ មិនមានសារធាតុមេតាណុលនោះទេ។ 

ចំពោះសំណាកផ្សេងទៀតកំពុងបន្តរង់ចាំលទ្ធផល។ លោក ថា មនុស្ស២នាក់ ដែលជួយសង្គ្រោះបន្ទាន់នោះ ឥឡូវបានធូស្រាលហើយចាកចេញពីមន្ទីរពេទ្យទៅផ្ទះវិញផងដែរ។

 បន្ទាប់ពីលទ្ធផលធ្វើសំណាក ស្រា. ស ថា គ្មានជាតិពុល លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏បានអនុញ្ញាតអោយបើកទីតាំងផលិតស្រា. ស ឡើងវិញ នៅទូទាំងខេត្តផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី២៩មករានេះ ប្រជាពលរដ្ឋនៅក្នុងឃុំស៉ើង ស្រុកបរកែវ ចំនួន ៥នាក់ ក្នុងនោះ៣នាក់បានស្លាប់ និង២នាក់ទៀតកំពុងជួយសង្គ្រោះ បន្ទាប់ពីបានបរិភោគអាហារ និងស្រា.ស។ 

អ្នកស្លាប់ទាំង៣នាក់នោះ 

ទី១-ភេទប្រុស អាយុ៧៨ឆ្នាំ

 ទី២-ភេទប្រុស អាយុ៦០ឆ្នាំ

 និងទី៣-ភេទស្រី អាយុ៥៤ឆ្នាំ។

ភ្លាមៗនោះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចេញ បញ្ជាឲ្យអាជ្ញាធរក្រុង,ស្រុកទាំង៩ ចុះធ្វើការបិទទីតាំងផលិតស្រា.ស ជាបណ្ដោះអាសន្ន រង់ចាំលទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ តើមូលហេតុអ្វីឲ្យពិតប្រាកដ បណ្ដាលឲ្យមានអ្នកស្លាប់ និងអ្នករងគ្រោះដោយ ករណីនេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close