លោក​ ហេង រតនា​ ៖ ខ្ញុំមានសេចក្តីសោកស្តាយ…ចំពោះការផ្អាកប្រតិបត្តិការ…!

ភ្នំពេញ៖ លោក​ ហេង រតនា​ អគ្គនាយក​ នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ៖ ខ្ញុំមានសេចក្តីសោកស្តាយ សូមជូនដំណឹង ដល់​អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាន នៃខេត្តកំពង់ចាម​ ក្រចេះ​ មណ្ឌលគីរី​ រតនគីរី​ ស្ទឹងត្រែង​ ត្បូងឃ្មុំ​ ស្វាយរៀង​ និងខេត្តព្រៃវែង​ មេត្តាជ្រាបថា​ កម្លាំងអង្គភាពសុីម៉ាក់កំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំងលេីនេះ​ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្ន រយៈពេល៨៥ថ្ងៃ គិតពីថ្ងៃទី២៥ខែមករា​ ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ​

នេះបើតាមការបញ្ជាក់លើគណនីហ្វេសប៊ុកផ្លូវការបរស់លោក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ។

លោក​ ហេង រតនា​ បញ្ជាក់ថា ការផ្អាកប្រតិបត្តិការនេះ មូលហេតុអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក​ មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពសុីម៉ាក់នោះ​ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយ​ទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក​ ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វេីការនៅប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ថា​ថ្នាក់ដឹកនាំអង្គភាពសុីម៉ាក់និងដៃគូអភិវឌ្ឍន៍បានមមាញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយនៃក្រសួងការបរទេសសហរដ្ឋអាមេរិក​ ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះ​ដែលជំនួយរបស់រដ្ឋាភិបាលអាមេរិកផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការជាមួយអង្គភាពសុីម៉ាក់​នេះ ដេីម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់កម្លាំងអង្គភាពសុីម៉ាក់ក្នុងការបោសសម្អាតគ្រាប់បែកចង្កោមនិងគ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិកជាសំណល់សង្គ្រាមនៅកម្ពុជា។
សូមរំលឹកថា​ ជំនួយរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជូនអង្គភាពសុីម៉ាក់តាមរយៈអង្គការដៃគូក្នុង​រយៈពេល៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន ៦.៣៥៥.៧២០ ដុល្លារ​អាមេរិក​ គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត២០០នាក់។ បេីគិតក្នុងរយ:ពេលពីថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០២២​ ដល់ចុងខែមករា​ ឆ្នាំ២០២៥នេះ​ អង្គភាពសុីម៉ាក់ទិសខេត្តខាងលេីបានធ្វើការបោសសម្អាតចម្កាគ្រាប់សរុបចំនួន៥៦១ពហុកោណ មានទំហំផ្ទៃដីចំនួន១១.១៩៥ហិកតា​ រុករកឃេីញកម្ទេកចោលគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន២៧.០២២គ្រាប់​ ក្នុងនេះមានគ្រាប់បែកចង្កោមចំនួន១៧.៩៧១គ្រាប់​ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំ​ ចំនួន៦៩គ្រាប់។
ក្នុងពេលវេលានេះ​ ក្នុងគោលបំណងកាត់បន្ថយការលំបាករបស់អាជ្ញាធរនិងប្រជាពលពលរដ្ឋ​ ក្នុងការប្រឈមបញ្ហាគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម​ សូមអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តទាំងអស់ខាងលេី​ មេត្តាសហការជាមួយកម្លាំងស្ម័គ្រចិត្តផ្តល់ព័ត៌មានជាង១.០០០នាក់​របស់អង្គភាពសុីម៉ាក់និងកម្លាំងនគរបាលជាតិនៅតាមមូលដ្ឋាន​របស់ខ្លួន ដេីម្បីអង្គភាពសុីម៉ាក់​អាចបញ្ជូនកម្លាំងជំនាញពីគម្រោងផេ្សងទៅជួយគាំទ្រធ្វេីការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម​សំដៅធានាដល់សុខសុត្ថិភាពរបស់ប្រជាពលរដ្ឋតាមសំណេីចាំបាច់!

 

អត្ថបទដែលជាប់ទាក់ទង
Open

Close