រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យបណ្តាស្ថានីយបូមទឹក និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង
ខេត្តព្រៃវែង ៖ គោរពតាមអនុសាសន៍ណែនាំដ៏យកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមត្រូវតែចុះទៅគ្រប់ទីតាំង ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស នាថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យបណ្តាស្ថានីយបូមទឹក និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
សូមជម្រាបថា នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង ក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពុងអន្តរាគមន៍បូមទឹកពីប្រភពទន្លេតូច បឹងក្រពិត បឹងខ្សាច់សរ ព្រែកថ្មីលើ និងបឹងស្នេហ៍ ដោយម៉ូរទ័រប្រើចរន្តអគ្គិសនីចំនួន ២១គ្រឿង និងម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ចំនួន៦គ្រឿង ដើម្បីជួយស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករប្រមាណជាង ២ម៉ឺនហិកតា ក្នុងបណ្តាឃុំ នៃស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ ស្រុកកំចាយមារ ស្រុកមេសាង ស្រុកព្រះស្តេច ស្រុកពោធិរៀង និងស្រុកបាភ្នំ។
គិតមកដល់ពេលនេះ លទ្ធផលបូមទឹកអន្តរាគមន៍សម្រេចបានប្រមាណជាង ១ម៉ឺនហិកតា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យជាក់ស្តែងនៅទីតាំងប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់និងស្រោចស្រពកំពង់ត្របែក ស្ថិតក្នុងស្រុកកំពង់ត្របែក ស្រុកបាភ្នំ និងស្រុកព្រះសេ្តច ខេត្តព្រវែង ព្រមទាំងចុះពិនិត្យការងារអន្តរាគមន៍បូមទឹកពីបឹងស្នេហ៍ ដោយប្រើម៉ាស៊ីនបូមទឹកចល័តចំនួន២គ្រឿង ដើម្បីសង្រ្គោះស្រូវប្រាំងនៅឃុំធាយចំនួន ២៣៣ហិកតា និងឃុំបឹងព្រះចំនួន ២១៨ហិកតា។
សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក មានទំនប់សណ្តចំនួន ២ខ្សែ ប្រវែង ៣៦គីឡូម៉ែត្រ ប្រឡាយមេ ១ខ្សែ ប្រវែង ២២គីឡូម៉ែត្រ ប្រឡាយរង ១២ខ្សែ សរុបប្រវែង ៣១គីឡូម៉ែត្រ និងមានស្ថានីយបូមទឹកចំនួន ៤កន្លែង ដែលមានសក្តានុពលគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលប្រមាណ ៨១៤៩ហិកតា ក្នុងនោះ ស្ថានីយទី១ គ្របដណ្តប់ផ្ទៃដីចំនួន ២៩២៧ហិកតា ស្ថានីយទី២ គ្របដណ្តប់ផ្ទៃដីចំនួន ៣២៨៧ហិកតា ស្ថានីយទី៣ គ្របដណ្ដប់ផ្ទៃដីចំនួន ១៣៤៤ហិកតា និងស្ថានីយរំចេក គ្របដណ្តប់ផ្ទៃដីចំនួន ៥៩១ហិកតា។ ក្រៅពីផ្តល់ទឹកស្រោចស្រពសម្រាប់ការបង្កបង្កើនផល ប្រព័ន្ធនេះក៏មានតួនាទីជួយកាត់បន្ថយទឹកជំនន់ក្នុងតំបន់ផងដែរ។
ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យស្ថានីយបូមទឹកទី១ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន១ ស្ថិតនៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលទទួលប្រភពទឹកពីទន្លេតូច ដើម្បីអន្តរាគមន៍បូមទឹកបញ្ជូនទៅជួយសង្រ្គោះស្រូវប្រាំងចំនួន ៨៨៩១ហិកតា ក្នុងឃុំចំនួន១៦ នៃស្រុកស្វាយអន្ទរ ស្រុកកំចាយមារ និងស្រុកមេសាង ក្នុងខេត្តព្រៃវែង៕