ខេត្តស្ទឹងត្រែង៖ ក្រោមការសម្រសសម្រួលយ៉ាងប៉ិនប្រសប់ពីសំណាក់ លោក សរ សុបុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដល់ម្ចាស់ដីដែលមានទំនាស់ ៣០ឆ្នាំ ចំនួន ៩ ប្លង់ដី កាលពីកន្លងទៅថ្មីៗ នេះ។
នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធដីទាំងនោះនៅចំណុចភូមិស្ពានថ្ម សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង តាមការខិតខំប្រឹងប្រែងពីអាជ្ញាធរខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ទើបប្រជាពលរដ្ឋទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុយ៉ាងពិតប្រាកដ ពីសំណាក់ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយទឹកមុខសប្បាយរីករាយ និងបានថ្លែងថា៖ ៣០ឆ្នាំហើយ ដែលមានទំនាស់ដីធ្លីមិនចេះចប់ ដែលមិនអាចដោះស្រាយរួច តែដោយសារមានការគិតគូសម្របសម្រួលយ៉ាងឈ្លាសវាងវៃពីសំណាក់ឯកឧត្តមអភិបាលខេត្ត គឺនាំមកនូវការបញ្ចប់វិវាទនិងទំនាស់ដោយជោគជ័យ រហូតដល់ទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីនេះ។
លោកអភិបាលខេត្តបានថ្លែងថា ទំនាស់ដីធ្លីរ៉ាំរ៉ៃ ត្រូវបានបញ្ចប់និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩ប័ណ្ណ ត្រូវបានប្រគល់ជូនភាគីទំនាស់ទាំងសងខាង ក្រោយពីបានស្ម័គ្រចិត្តទទួលយកនូវដំណោះស្រាយរបស់រដ្ឋបាលខេត្ត ដោយឈរលើគោលការណ៍ឈ្នះ ឈ្នះ ទាំងអស់គ្នា។
លោក សរ សុពុត្រា សម្តែងការថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងសហការី លោកអភិបាលក្រុងស្ទឹងត្រែង លោកចៅសង្កាត់ និងសហការី ដែលបានរួមចំណែកក្នុងការដោះស្រាយ ព្រមទាំងខ្នះខ្នែងរៀបចំនីតិវិធីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាជន ដោយភាពស្មោះត្រង់ក្នុងការបម្រើ។
ការចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋនៅពេលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាព សង្គម៕