ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ កម្ពុជាចាត់បញ្ជូនយុវជនវ័យក្មេងចូលរួមបណ្តាញយុវជនស្តីពីកម្មវិធីទប់ស្កាត់គ្រឿងញៀនលើកទី៤
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងដូច្នេះក្នុងខណ:ដែលយុវជនវ័យក្មេងចំនួន៤រូប ចាកចេញពីកម្ពុជានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ ដើម្បីទៅចូលរួមកម្មវិធីបណ្ដាញយុវជនលើកទី៤ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនដែលនឹងប្រព្រឹត្តទៅនៅប្រទេសថៃនិងកម្ពុជា ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបញ្ជាក់បន្ថែមថា ការិយាល័យ ONCB ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ទទួលរៀបចំកម្មវិធីបណ្តាញយុវជនស្តីពីកម្មវិធីទប់ស្កាត់គ្រឿងញៀន លើកទី៤ ដែលមានប្រទេសចូលរួមចំនួន១២ ក្នុងនោះយុវជនមកពីបណ្ដាប្រទេសអាស៊ានទាំង១០ បូកទីម័រឡេស្តេ បូកចិន សរុប៦០រូប ហើយប្រតិភូបណ្ដាញយុវជនលើកទី៤ នេះនឹងមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាគឺនៅលើទឹកដី នៅខេត្តសៀមរាប ចំនួន ៣ ថ្ងៃគឺពីថ្ងៃទី ៣១ មករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្រៅពីការចែករំលែកនូវបទពិសោធន៍សំខាន់ៗពាក់ព័ន្ធនឹងការបង្ការបញ្ហាគ្រឿងញៀននោះគឺមានកម្មវិធីទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងទស្សនាថ្ងៃលិចដ៏ស្រស់ស្អាតនៅលើភ្នំប្រាសាទបាខែងបន្ថែមទៀត។
ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋាននិងជាអ្នកសម្របសម្រួលដឹកនាំយុវជនកម្ពុជាទៅចូលរួមក្នុងកម្មវិធីនោះបានបញ្ជាក់ បន្ថែមថា កម្ពុជានឹងចែករំលែកបទពិសោធន៍ពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនដែលបង្ហាញដោយយុវជនរបស់យើង ក្នុងនោះកម្ពុជាក៏នឹងលើកយកពីចំណុចលេចធ្លោនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសគឺការដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ឈ្មោះApp NoDrug ។