គម្រោងផ្លូវថ្មើរជើង ( Walk Street ) នឹងបើកដំណើរការសាកល្បងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ០១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការបេីកដំណើរសាកល្បងនៃគម្រោងផ្លូវថ្មើរជើង ( Walk Street ) តាមបណ្ដោយតិរវិថីព្រះស៊ីសុវិត្ថ (ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់រង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត ) ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គម្រោងផ្លូវថ្មើរជើងនេះ នឹងបេីកដំណើរការសាកល្បងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះតទៅ ដោយដំណើរការមួយសប្ដាហ៍២ថ្ងៃ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ឯកឧត្ដម ឃួង ស្រេង ធ្លាប់បានបញ្ជាក់ថា គម្រោងរៀបចំផ្លូវថ្មើរជើងសម្រាប់បម្រើដល់វិស័យទេសចរណ៍នេះ គឺ រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូជាយូរមកហើយតាំងពីឆ្នាំ២០១៩ មកម៉្លេះ ប៉ុន្តែដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន ប៉ុន្តែមកដល់ពេលនេះបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋាភិបាលពីការជំរុញទាក់ទាញភ្ញៀវទេសចរ នៅតាមមូលដ្ឋានរៀងៗខ្លួន រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូជំរុញ ការងារផ្លូវថ្មើរជើងនេះឱ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បន្ថែមទៀតថា ដើម្បីឱ្យគម្រោងនេះ បានដំណើរការដោយរលូន ជាជំហានដំបូង គឺបើកផ្លូវ ថ្មើរជើងនេះ រៀងរាល់ល្ងាចថ្ងៃសុក្រ,ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ ការលក់ដូរ នៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដែលធានាថា គម្រោងនេះ នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។