ខេត្តកណ្តាល៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ៖ ដូចដែលបានដឹងរួចមកហើយកំណាត់ទី១ពីដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោដែលមានចម្ងាយ ២១គីឡូម៉ែត្រ បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីព្រែកតាកែវ(ទន្លេមេគង្គ)-ព្រែកពោធិ៍ (ទន្លេបាសាក់) នៃភូមិសាស្តរខេត្តកណ្តាល។
ដើម្បីប្រសិទ្ធភាពការកាន់តែប្រសើរឡើង ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តគបណ្តុះបណ្ដាលការប្រើប្រាស់ឧបករណ៍បច្ចេកទេស DGPS និង Drone ទំនើប ជំនាន់ចុងក្រោយបង្អស់ ដែលទើបបំពាក់បន្ថែម ដល់ក្រុមការងារដើម្បីត្រៀមចុះបេសកកម្មប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២។
ដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី នៃគម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ ដែលមានប្រវែង១៥៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងបញ្ចប់ការងារនេះក្នុងកំឡុងខែ មេសា ឆ្នាំ២០២៥ខាងមុខ។
គួរបញ្ជាក់ថា ពេលក្រុមការងារទៅដល់កន្លែងណានោះនៃដំណើរការចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ តែងបានសហការល្អជាមួយក្រុមការងារបច្ចេកទេស និងប្រឹងប្រែងសហការគ្នាអនុវត្តការងារឱ្យបានរលូន និងជួយយកអាស្រ័យគ្នាយ៉ាងល្អប្រសើរ ដែលបង្ហាញអំពីទឹកចិត្តគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។