លោក ជិន ប៊ុនធឿន ៖ បងប្អូនបានចូលរួមចំណែក លះបង់កម្លាំងកាយចិត្ត យ៉ាងធំធេង ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ ទី២៨ ខែមករាឆ្នាំ២០២៥ នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនជាកំលាំងប្រជាការពារជិត៣០០នាក់មកពីសង្កាត់ទាំង៧ របស់រដ្ឋបាលខណ្ឌឫស្សីកែវ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ជិន ប៊ុនធឿន បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៉ីណា ឃួង ស្រេង ជូនបងប្អូនជាកំលាំងប្រជាការពារទាំងអស់ ជាពិសេស លោកជួបបងប្អូនកងកំលាំងទាំងអស់នៅពេលនេះ ក្នុងគោលបំណងសំខាន់មួយទៀត គឺបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់អំពីថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានីភ្នំពេញជាមួយបងប្អូនកងកំលាំងដោយផ្ទាល់ ព្រោះថាបងប្អូន គឺជាកម្លាំងស្នូល១ យ៉ាងសំខាន់នៅក្នុងតំបន់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ដោយបានចូលរួមចំណែកលះបង់កម្លាំងកាយចិត្តយ៉ាងធំធេងក្នុងការថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់មូលដ្ឋានដោយផ្ទាល់គ្រប់ពេលវេលាមិនថាយប់ប្ញថ្ងៃនោះឡើយ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បាននាំយកឯកសណ្ឋាន និងថវិកាមួយចំនួន ឧបត្ថម្ភដល់កម្លាំងប្រជាការពារជិត៣០០នាក់ផងដែរ ។
បន្ទាប់មកនាល្ងាចថ្ងៃដដែរ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បន្តជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនជាកំលាំងប្រជាការពារប្រចាំរដ្ឋបាលខណ្ឌ និងបានឧបត្ថម្ភថវិការបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ សរុបចំនួន៥០នាក់ផងដែរ ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close